MENU
|
តាកែវ ៖ បាតុភាពដែលមិនធ្លាប់នឹងកើតមានទាល់តែសោះមួយ បានកើតឡើង នៅក្នុង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន តាកែវ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់រកាក្នុង ស្រុកដូនកែវ ខេត្តតាកែវ បន្ទាប់ពីនាយកគ្រប់គ្រងសាលាបានបញ្ចារអោយ ក្រុមគ្រូៗរបស់ខ្លួន ប្រមែប្រមូលស្បែកជើងកញ្ចាស់ៗ និងមានតម្លៃអន់ របស់និស្សិតប្រុសស្រីជាច្រើន នាក់ដែល សិក្សានៅក្នុងទីតាំងរបស់ខ្លួន ដុតកម្ទេចចោល ព្រោះតែស្បែកជើងទាំងនោះ មិនត្រូវបាន តម្រូវអោយនិស្សិតពាក់ តែនៅតែបំពាន ។
នាយករដ្ឋបាលរបស់វិទ្យាស្ថាន សុំមិនបញ្ចេញឈ្មោះ នៅវេលាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ បានប្រាប់ សារព័ត៌មាន សម្លេងសហគមន៍ខ្មែរ ( VOKC ) តាមរយៈទូរស័ព្ទ អោយដឹងថា ជុំវិញការ ដុតកម្ទេចស្បែកជើងចាស់ៗ និង គ្មានតម្លៃ របស់ក្រុមនិស្សិតប្រុសស្រី ចោលនៅពេលនេះ គឺវិទ្យាស្ថាន ធ្វើឡើងដើម្បីព្រមានដល់ និស្សិតទាំងនោះ ជាធរមាន និងជាគំរូដល់និស្សិតដ៏ទៃទៀត ព្រោះវិទ្យាស្ថាន ធ្លាប់បានធ្វើការណែនាំ ដល់ពួកគាត់ពីការ ស្លៀកពាក់ សម្លៀកបំពាក់ និងឯកសណ្ឋានជានិស្សិតអោយ បានត្រឹមត្រូវល្អណាស់ ប៉ុន្តែពួកគាត់នៅតែ ប្រព្រឹត្តិផ្ទុយទៅនឹងគោលការណ៍ណែនាំរបស់វិទ្យាស្ថាន ជាច្រើនលើក ច្រើនសារដដែល ជាហេតុធ្វើអោយ វិទ្យាស្ថាន ដែលជាកន្លែងអប់រំ និងផ្តល់ចំណេះដឹងដល់ យុវជនគ្រប់ស្រទាប់នោះ ត្រូវតែមានវិធានការណ៍ តឹងរឹង និងម៉ឺងមាត់បំផុតទៅលើពួកគាត់ ដើម្បីជាការកែលម្អនូវភាពអាក្រក់ និងគ្មានវិន័យប្រែក្លាយទៅជាល្អទៅថ្ងៃមុខ និងនិរន្តភាព ។
ទោះជាការឆ្លើយបំភ្លឺនូវហេតុផលសមស្រប ពីសំណាក់នាយករដ្្ធបាលនៃវិទ្យាស្ថានខាងលើក៏ដោយ ប៉ុន្តែមជ្ឈដ្ឋានទូទៅ នៅតែនាំគ្នាបន្តរិះគន់យ៉ាងខ្លាំង ចំពោះចំណាត់ការរបស់វិទ្យស្ថានមួយនេះ ថាគ្មានភាពសុក្រឹត និងប្រើប្រាស់នូវវិន័យដែលមិនត្រឹមត្រូវ ប្រាស់ចាកទៅនឹងក្រមសីលធម៌ជាអ្នកអប់រំមនុស្ស ។ មតិរិះគន់បន្តថា ជាធម្មតា ការរៀនសូត្រ ក៏ដូចជាការរស់ នៅក្នុងសង្គមប្រចាំថ្ងៃតែមានការខ្វះខាតលើអ្វីមួយនោះ វាជារឿងសាមញ្ញទៅហើយ គាត់គ្មានលទ្ធិភាព ទិញស្បែកជើងល្អ ពាក់ ទើបពួកគាត់ពាក់ស្បែកជើងដែលគ្មានតម្លៃមករៀន ចុះបើស្បែកជើងកញ្ចាស់ ដែលសឹងនឹងរកលុយទិញពាក់ពុំបានពាក់មករៀនទៅហើយ តែត្រូវសាលាដុតបំផ្លាញចោល ទៀតនោះ តើពួកគាត់មានអារម្មណ៍យ៉ាងណា .? មួយវិញទៀត ការដាក់វិន័យដោយបំផ្លាញសេដ្ឋកិច្ចបែបនេះ ជាការប៉ះពាល់ដល់ផ្លូវចិត្ត និងអារម្មណ៍របស់សិស្ស និស្សិតទាំងអស់ជាខ្លាំង ព្រោះធ្វើអោយ ពួកគាត់ត្រូវ រងនូវភាពអាម៉ាសចំពោះមុខ មហាជនទូទៅ រហូតអាចកើតចិត្តបោះបង់ការសិក្សារចោលក៏ថាបាន ។
មតិរិះគន់ចុងក្រោយ ៖ មេដឹកនាំដែលខ្លាំង ដែលអាចធ្វើជាអ្នកដឹកនាំ និងអប់រំមនុស្សបាន គឺជាមេដឹក នាំ ដែលពូកែគិត ពូកែគូរ និងមានការត្រិះរិះពិចារណាខ្ពស់ គិតដល់ភាពរីកចម្រើន និងអភិវឌ្ឍន៍ទៅ មុខជានិច្ច បើខុសត្រូវកែលម្អដោយសន្តិវិធី ឬ មធ្យាយបាយដែលសមរម្យ ជៀសវៀង ការប្រើប្រាស់ នូវវិធីដែលបំះពាល់ដល់អារម្មណ៍បុគ្គល ឬ បំផ្លាញសេដ្ឋកិច្ចឯកជនរបស់បុគ្គលណាម្នាក់ ជាហេតុធ្វើ អោយកម្សោយ នៃការអប់រំបុគ្គល៕