![]() |
MENU
|
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១១ និង០០នាទី ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនាយកដ្ឋានច្រកទ្វារទី១ បានធ្វើការបណ្តេញចេញជនជាតិចិនចំនួន ៣៩នាក់ ( ស្រី ០៧នាក់ ) ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសដើមរបស់ខ្លួនវិញ តាមជើងហោះហើរ China Eastern ពាក់ព័ន្ធនឹង បទឆបោក និងគំរាមកំហែងជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិជ្ជាទូរគមនាគមន៍ ( VOIP ) ឬហៅកាត់ថា ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ។
លោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ អោយដឹងថា ជនជាតិចិនទាំង៣៩នាក់ ខាងលើក្នុងនោះ មានតៃវ៉ាន់២៥នាក់ និងចិនដីគោក ១៤នាក់ ។ ពួកគេទាំង៣៩នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ នៅចំណុចទីតាំង៣ផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោយសមត្ថកិច្ចស្រាវជ្រាវដឹងពីទីតាំងពួនសំងំលាក់ខ្លួន របស់ពួកគេ ។ លោកឧត្តមសេនីយ៍ទោបន្តថា ពួកគេ គឺមានលិខិតឆ្លងដែន អក្សរ E ដែលលិខិតនេះ ពួកគេអាចចូលមករស់នៅ និងធ្វើការបានយ៉ាងត្រឹមត្រូវតាមច្បាប់របស់កម្ពុជា ប៉ុន្តែផ្ទុយពីនោះពួកគេបែរជា ចូលមករស់នៅហើយប្រព្រឹត្តិអំពើរដែលផ្ទុយពីច្បាប់ទៅវិញ ដោយពួកគេយកប្រទេសកម្ពុជាជាកន្លែងសម្រាប់លាក់ខ្លួន រួចធ្វើសកម្មជំរិតទារប្រាក់ជនជាតិចិនដូចគ្នា ដោយបញ្ជារចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ទៅវិញ ។
ឈ្លៀតក្នុងឱកាសបណ្តេញចេញខាងលើនេះលោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា បានបញ្ជាក់ថា គិតចាប់ពីដើមឆ្នាំ២០១៦ រហូតមកទល់នឹងចុងខែមិថុនា នេះ នាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញជនជាតិបរទេសដែលចូលមករស់នៅកម្ពុជា ដោយខុសច្បាប់មានចំនួន ១៩៨០នាក់ ស្មើរនឹង ១២សញ្ជាតិ ។
សូមបញ្ជាក់ផងដែរថា ការបណ្តេញចេញជនជាតិចិនខុសច្បាប់នៅពេលនេះ គឺជាការបណ្តេញទ្រង់ទ្រាយធំលើកទី៣ហើយ បើគិតពីអំឡុងចុងឆ្នាំ២០១៥ មកទល់ពាក់កណ្តាលឆ្នាំ២០១៦នេះ ៕ លីហេង