រាជធានីភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានសហការជាមួយនឹងកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ បានធ្វើការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ ៥៣៤B ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (ទល់មុខរោងចក្រ ៣ជាន់) ។
ក្នុងកិច្ចប្រតិបតិ្តចុះបង្ក្រាបទីតាំងហ្គេមបាញ់ខាងលើនេះដែរ គឺដឹកនាំដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ រួមជាមួយលោកចៅសង្កាត់គីឡូម៉ែត្រលេខ៦ ព្រមទាំងមានការចូលរួមដោយលោក ស្រី ម៉ានី ព្រះអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាបទីតាំងខាងលើ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ រួចបានដកហូតទូរហ្គេមបាញ់ត្រីចំនួន ០២គ្រឿង និងម៉ូតូចំនួន ០៤គ្រឿង ។
ជនសង្ស័យទាំង ០៤នាក់ដែលកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននោះ ទី១ ឈ្មោះ អ៊ិន វិសាល ភេទ ប្រុស អាយុ ២៥ឆ្នាំ, ទី២ ឈ្មោះ សេន សំណាង ភេទ ប្រុស អាយុ ២៣ឆ្នាំ, ទី៣ ឈ្មោះ អ៊ឹម គង់ ភេទ ប្រុស អាយុ ៤១ឆ្នាំ និងទី៤ ឈ្មោះ នី រស្មី ភេទ ប្រុស អាយុ ២២ឆ្នាំ ។
បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕