MENU
|
រាជធានីភ្នំពេញ៖ ឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហការអន្តរជាតិបានបញ្ជាក់ទៅលោកនាយឧត្តមសេនីយ៍សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថាការមិនឲ្យចូលកម្ពុជាដល់ជនជាតិអេស្បាញឈ្មោះអាឡិចសិនត្រូ ហ្គុនសាឡេស ដេវីសុន។នេះបើយោងតាមលិខិតផ្លូវការមួយច្បាប់របស់ក្រសួងការបរទេសចថ្ងៃទី៨ខែមេសាឆ្នាំ២០១៦ផ្ញើជូនលោកអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោកអាឡិចត្រូវបានគេស្គាល់ថាបានផ្តួចផ្តើមគំនិតក្នុងការការពារព្រៃឈើ សត្វព្រៃនិងបរិស្ថានក្នុងតំបន់អារ៉ែង ស្រុកថ្មបាំងខេត្តកោះ។ក្នុងខែកុម្ភៈក្រសួងមហាផ្ទៃកម្ពុជាបានអះអាងថាជនជាតិអេស្បាញរូបនេះបានផុតកំណត់ទិដ្ឋាការក្នុងការស្នាក់នៅក្នុងទេសកម្ពុជានិងបានចាប់បញ្ជូនតាមយន្តហោះពិសេសមួយគ្រឿងបើទោះបីជាមានការតវ៉ាមិនចង់ឲ្យគាត់ចេញក្រៅ។
តែក្រសួងការបរទេសបានលើកឡើងថាដោយសារប្រព័ន្ធត្រួតពិនិត្យបញ្ជីខ្មៅរបស់ប្រព័ន្ធអ៊ី វីសា(e-visa)មានភាពរអាក់រអូលដោយមិនបានប្រាប់ពីសញ្ញាឲ្យដឹងបណ្តាលឲ្យការិយាល័យe-visaបានចេញវីសាឲ្យឈ្មោះAlejandro Gonzalez Davidsonកាលពីថ្ងៃទី៦ខែមេសា ឆ្នាំ២០១៦។ក្រសួងការបរទេសបានអះអាងថាក្រសួងបានជូនដំណឹងពីការលុបវីសារបស់លោកអាឡិចស៊ិនរួចរាល់ហើយ។
ក្រសួងការបរទេសបានប្រាប់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថាសូមជួយជូនព័ត៌មាននេះដល់មន្រ្តីអន្តោប្រវេសន៍នៅតាមច្រកទ្វារអន្តរជាតិកម្ពុជាមិនអនុញ្ញាតឲ្យឈ្មោះអាឡិចស៊ិនត្រូចូលមកកម្ពុជាទេព្រោះវីសាត្រូវបានលុបចោលវិញហើយ។
ស្របពេលជាមួយគ្នានេះដែរសកម្មជនអារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ត្រូវបានគេអះអាងថាសាលាឧទ្ធរណ៍ បានបើកសវនាការកាត់ទោស នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦កន្លងមកនេះ ពីបទ សមគំនិតគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ បន្ទាប់ពីជនជាតិអេស្ប៉ាញរូបនេះត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា។
យោងប្រភពពីសាលាឧទ្ធរណ៍បានអះអាងថាតាមដីកាកោះចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍លោក ង៉ែត សារ៉ាត បានបង្គាប់ឲ្យលោក អាឡិច ចូលទៅសាលាឧទ្ធរណ៍នាថ្ងៃទី៥ ខែមេសា នៅម៉ោង៨ព្រឹក នៅបន្ទប់សវនាការទី៣ “ដើម្បីជំនុំជម្រះពីបទ សមគំនិតគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ”។តែគេមិនបានទទួលព័ត៌មានពីការជម្រះក្តីរបស់សាលាឧទ្ធរណ៍យ៉ាងណានៅឡើយទេ។
ក្រោយពេលតុលាការចោទប្រកាន់ លោក អាឡិចហ្សង់ដ្រូ បានចេញសេចក្តីថ្លែងការណ៍បដិសេធ ចំពោះការចោទប្រកាន់ របស់តុលាការខេត្តកោះកុង។ អាឡិចនិយាយថា «ការចោទប្រកាន់គឺគ្មានមូលដ្ឋានទាល់តែសោះ ដោយសារតែយុទ្ធនាការប្រឆាំងនឹងការបូមខ្សាច់របស់យើង គឺត្រូវបានធ្វើឡើង ស្របទៅតាមគោលការណ៍អហិង្សា និងស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។
សេចក្តីថ្លែងការណ៍បន្ថែមថា «សកម្មភាពដែលយើងបានធ្វើ និងកំពុងធ្វើគឺស្ថិតនៅក្នុង គោលបំណងការពារធនធានធម្មជាតិ របស់ប្រទេសកម្ពុជា និងការពារជីវភាពរស់នៅរបស់ប្រជានេសាទ ក្នុងតំបន់ដែលកំពុងតែត្រូវបានគំរាមកំហែង ដោយការបូមខ្សាច់ខុសច្បាប់»៕