MENU
|
ខេត្តកំពង់ស្ពឺ៖ រយៈពេល១៥ថ្ងៃហើយដែលទារកម្នាក់ត្រូវបានកម្មករ.កម្មការិនីប្តីប្រពន្ធប្រទះឃើញដេកយំក្នុងបន្ទប់ទឹករោងចក្រមួយស្ថិតនៅក្នងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៨ឧសភា ឆ្នាំ២០១៨កន្លងទៅ។គេសង្ស័យថា ម្តាយបង្កើតបានសម្រាលកូននៅក្នុងបន្ទប់ទឹករោងចក្រ ហើយបោះបង់កូនចោល និងគេចខ្លួនទៅបាត់ ។
សមត្ថកិច្ចបានអះអាងថាក្រោយមកបង្កឱ្យមានការភ្ញាក់ដល់កម្មកររាប់រយនាក់ និងសមត្ថកិច្ចរួមទាំងស្ថាប័នពាក់ព័ន្ធ ព្រមទាំងពេទ្យ និងរដ្ឋបាលរោងចក្រនាំទារកដ៏អភ័ព្វនេះទៅសង្គ្រោះនៅមន្ទីរពេទ្យត្រាំខ្នារ។ មានការជេរប្រមាថស្ត្រីជាម្តាយទារកនេះមិនបណ្តាក់មាត់ឡើយ ដោយសារតែទង្វើគាត់មិនប្រៀបបានដូចជាសត្វធាតុផងវាចេះស្រឡាញ់កូនចុះគាត់ជាមនុស្សម៉េចបោះបង់កូនចេញពីសាច់ចោល ។
តាមប្រភពព័ត៌មានបញ្ជាក់ថាភ្លាមៗកម្មការិនីមួយរូប ដែលមានចិត្តមេត្តាលើសពីម្តាយជាអ្នកផ្តល់កំណើត និងជាអ្នកមើលថែតាំងពីនៅមន្ទីរពេទ្យត្រាំខ្នារ រហូតដល់មន្ទីរពេទ្យកុមារជាតិបានឱ្យដឹងថា គាត់ឈ្មោះ សុភា អាយុ៣៦ឆ្នាំ ចំណែកប្តីឈ្មោះ សុគន្ធ អាយុ៣៦ឆ្នាំដូចគ្នា បម្រើការងារនៅរោងចក្រវីងស្តារ៍ស៊ូ រយៈពេល៦ឆ្នាំមកហើយ ។
ស្រ្តីកម្មការិនីនិងប្តីរបស់នាង ដោយមានក្តីអាណិតទារកនោះយ៉ាងខ្លាំង ព្រោះតែមាននិស្ស័យដិតជាប់ជានិច្ចនោះ រូបគាត់ក៏បានតាមមើលថែរហូតមក ។ ជាងនេះទៀត រូបគាត់និងប្តីបានចាត់ទុកទារកនេះដូចជាកូនបង្កើតដែរ ព្រោះរូបគាត់និងប្តីរៀបការជិត១០ឆ្នាំហើយ មិនមានកូននឹងគេសោះ បើទោះជាទៅបន់ស្រន់សុំកូនពីអារុក្ខអារក្ខអ្នកតាយ៉ាងណាក្តីមិនបានដូចបំណងដែរ ។
តាមកម្មការិនីជាម្តាយចិត្តធម៌រើសទារករូបនេះនិយាយថា នៅថ្ងៃទី១៩ ខែឧសភា ដែលជាថ្ងៃមានការភ្ញាក់ផ្អើលនៅក្នុងរោងចក្រថា មានគេកើតកូនហើយបោះបង់ចោលនៅក្នុងបន្ទប់ទឹក គាត់ក៏ស្វះស្វែងតាមរករហូតដល់មន្ទីរពេទ្យត្រាំខ្នារ ។
គាត់និយាយថាអាចនិស្ស័យនិងក្តីអាណិតអាសូរ គាត់ក៏បានស្នើសុំឱ្យគ្រូពេទ្យបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកុមារជាតិ ព្រោះគ្រូពេទ្យនៅមន្ទីរពេទ្យត្រាំខ្នារប្រាប់ថា សុខភាពរបស់ទារកខ្សោយខ្លាំងណាស់ ដោយសារកើតមកមិនគ្រប់ខែ ។ រូបគាត់មិនព្រងើយកន្តើយឡើយ និងបានសុំឱ្យបញ្ជូនទារកនេះបន្តភ្លាមៗតែម្តងដើម្បីសង្គ្រោះជីវិត ហើយគាត់តាមថែ ។
ពេលមកដល់មន្ទីរពេទ្យកុមារជាតិ គ្រូពេទ្យបានយកចិត្តទុកដាក់នាំចូលបន្ទប់សង្គ្រោះ ដាក់ខ្យល់អុកស៊ីហ្សែន ព្រោះពេទ្យពិនិត្យឃើញថា សុខភាពរបស់ទារកកាន់តែខ្សោយទៅៗ ។ ដំបូងគ្រូពេទ្យបានយកដាក់ក្នុងទូ ដែលមានអំពូលភ្លើងពណ៌លឿង និងបន្តដាក់ខ្យល់អុកស៊ីហ្សែនផងដែរ ដោយដាក់ជាប់ជាប្រចាំនិងប្រាប់ថា ទារកកើតមកមិនគ្រប់ខែហើយបានទម្ងន់តែ១,៦គីឡូក្រាមប៉ុណ្ណោះ ។
សមត្ថកិច្ចលើកឡើងថាពេលនេះគឺ១៥ថ្ងៃហើយ ដែលរឿងរ៉ាវគួរឱ្យហួសចិត្តមួយបានកើតមាននៅក្នុងបន្ទប់ទឹករោងចក្រវីងស្តារ៍ស៊ូ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ។ ទោះបីជាបែបណា ស្ត្រីដែលបង្កើតកូនដោយខ្លួនឯងក្នុងបន្ទប់ទឹក ហើយទុកកូនចោលរួចគេចខ្លួនបាត់នោះ នៅតែរកមុខមិនឃើញ ។
កម្មករ.កម្មការិនីបាននិយាយគេមានការសង្ស័យថាស្រ្តីអ្នកកើតកូនចោលមិនស្មើនឹងសត្វធាតុនេះមិនមែនជាមនុស្សមកពីណាទេអាចជាអ្នកនៅក្នុងរោងចក្រ ទើបអាចចេញចូលបន្ទប់ទឹកនោះបាន ។ នៅមិនមានប្រភពណាមួយបញ្ចាក់ឱ្យដឹងថាស្ត្រីម្តាយទារកនេះជាអ្នកណានៅឡើយទេឬក៍គ្មានស្រ្តីអះអាងថាជាកូនបង្កើតខ្លួនដែរ ៕