MENU
|
រាជាធានីភ្នំពេញ៖ មូលនិធី KMH Foundation បានបង្កើតព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់មានឈ្មោះថា KMH Children’s Day ដោយមានកុមារជាង៣០០ នាក់បានចូលរួមដែលបែកចែកលេងទៅតាមអាយុ។
លោក កាំង សេន ដែលជាអ្នកបង្កើតការប្រកួតនេះបានថ្លែងថា ពិធីនេះត្រូវបានរៀបចំឡើងជាផ្នែកមួយនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ISI Group ដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៨ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៧ និងខួបទី ១៦ ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ ១២ មិថុនា ឆ្នាំ២០១៧នេះ។កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅលើទីលាន KMH Park ដោយមានការចូលរួមដោយក្រុមកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម ១៥ ឆ្នាំ ក្រុមកីឡាករកុមារ KMH Academy U14, U16 និងU17 ក្រុម ISF U14 និង We Are One U17 រួមជាមួយនឹងក្រុមកុមារមកពីអង្គការមូលនិធិកុមារកម្ពុជា សរុបជាង ៣០០ នាក់។
លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍ KMH Children’s Day នេះ ត្រូវបានបង្កើតឡើងដើម្បីលើកទឹកចិត្ត ក៏ដូចជាផ្តល់ឱកាសដល់កីឡាករវ័យក្មេងទាំងអស់ បានបង្ហាញនូវទេពកោសល្យ និងសមត្ថភាពដែលខ្លួនបានប្រឹងប្រែងហ្វឹកហាត់ តាមរយៈការលេងកីឡាបាល់ទាត់។
កម្មវិធីនេះ ក៏មានគោលបំណងជំរុញលើកទឹកចិត្តដល់កុមារកម្ពុជាទាំងអស់ឲ្យចូលរួមស្វែងរកសិទ្ធិរបស់ពួកគេក្នុងការទទួលបានការអប់រំផ្នែកកីឡា បន្ថែមពីលើសិទ្ធិផ្សេងៗទៀតដែលពួកគេនឹងទទួលបាន ព្រមទាំងចង់បំផុសនូវស្មារតីស្រឡាញ់កីឡាបាល់ទាត់កម្ពុជា ដោយមូលហេតុនេះ កីឡាករមិនត្រឹមតែនាំមកនូវសុខភាពប៉ុណ្ណោះទេ ប៉ុន្តែ ក៏បង្កើតឲ្យមានសាមគ្គីភាព និងការចេះជួយគ្នាទៅវិញទៅមកផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅដោយសេចក្តីសោមនស្សរីករាយ ខណៈដែលក៏មានឧបត្ថម្ភនូវសម្ភារសិក្សា និងអាហារសម្រន់នានាជូនដល់ប្អូនៗកុមារទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ ពីសំណាក់ក្រុមហ៊ុន ISI Steel ក្រុមហ៊ុន Pisnoka កាហ្វេ Brown និងសាប៊ូ ក្លិន Klen៕ដោយ បូរិន