MENU
|
នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូដែលមានការចូលរួមពីប្រធានាធិបតីអាមេរិកដូណាលត្រាំនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិច លោកត្រាំបានបញ្ចុះបញ្ចូលកម្លាំងអូតង់ចូលរួមនៅក្នុងសង្គ្រាមប្រឆំាងភេរវកម្ម ។ អូតង់ ក៏បានសម្រេចចូលរួម ក្រោយពេល មានការវាយប្រហារសម្លាប់មនុស្សជាច្រើនកើតឡើងនៅក្នុងតំបន់អឺរ៉ុប។
ក្រោយភេរវកម្ម សម្លាប់មនុស្ស២២នាក់ នៅទីក្រុងManchester រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសសមាជិកទាំង២៨របស់អូតង់បានសម្រេច ព្រមព្រៀងឲ្យអូតង់ចូលរួមជាមួយសម្ព័ន្ធអន្តរជាតិ ដែលដឹកនាំដោយអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី និងនៅអ៊ីរ៉ាក់។ សម្រាប់លោក Jens Stoltenberg អគ្គលេខាធិការរបស់អង្គការអូតង់ ការចូលរួមរបស់អូតង់ក្នុងសម្ព័ន្ធអន្តរជាតិ គឺជាសារនយោបាយសំខាន់ ដែលបញ្ជាក់ពីការរួបរួមគ្នា ដើម្បីប្រឈមនឹងការគំរាមកំហែងរបស់ក្រុមភេរវនិយម។ អាមេរិក និងអង់គ្លេស បានទាមទារ ចង់ឲ្យអូតង់ ចូលរួមជាសមាជិកពេញមុខ នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត អង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី និងអ៊ីរ៉ាក់។ ប៉ុន្តែ បារាំងបានចេញមុខប្រឆាំង។
បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានចេញមុខ ជំទាស់នឹងការទាមទាររបស់អង់គ្លេស និង អាមេរិក ដោយសារតែបារាំងខ្លាចបារម្ភថា អន្តរាគមន៍ លូកដៃរបស់អូតង់ ទៅក្នុងប្រតិបត្តិការយោធានៅស៊ីរី និងអ៊ីរ៉ាក់ នឹងអាចបង្កឲ្យមានផលរមាស់ ចលាចល និងអនាធិបតេយ្យ នៅដើមបូព៌ា ដូចដែលអូតង់កំពុងបន្សល់ទុក នៅប្រទេសលីប៊ី។ នេះគេនៅមិនទាន់និយាយពីអាហ្វហ្កានីស្ថាន ដែលអូតង់ ក្រោមការផ្តួចផ្តើមរបស់អាមេរិកបានចូលផុងខ្លួន ទៅក្នុងសង្រ្គាមរ៉ាំរ៉ៃ គ្មានច្រកចេញផង។
តាម អគ្គលេខាធិការរបស់អង្គការអូតង់ ការចូលរួមរបស់អូតង់មានលក្ខណៈ នយោបាយ និងជានិមិត្តរូប ប៉ុន្តែ វាមិនមែនមានន័យថា អូតង់នឹងមិនចូលរួមប្រយុទ្ធ ដោយផ្ទាល់ នៅក្នុងសមរភូមិ នៅប្រទេសស៊ីរី និងអ៊ីរ៉ាក់នោះទេ។ តាមប្រភពមន្រ្តីទូតមួយចំនួន នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត អូតង់នឹងផ្តល់តែជំនួយ ផ្នែកពិគ្រោះយុទ្ធសាស្រ្តយោធា ដែលអូតង់បានបទពិសោធន៍ពីការធ្វើសង្រ្គាមនៅអាហ្វហ្កានីស្ថាន ហើយនិងផ្តល់ព័ត៌មានសម្ងាត់ទៅឲ្យប្រទេសដៃគូ តែប៉ុណ្ណោះ។ ការចូលរួមតែប៉ុណ្ណោះ គឺមិនឆ្លើយតបនឹងការចង់បានរបស់អាមេរិក និងអង់គ្លេស ដែលតាមពិតទៅ ចង់ឲ្យអូតង់បញ្ជូនយន្តហោះAwacsទៅយកការណ៍បន្ថែមនៅស៊ីរី។
សព្វថ្ងៃនេះ ទោះបីជាអូតង់មិនទាន់ចូលដោយផ្ទាល់ក្នុងប្រតិបត្តិការយោធារបស់ សម្ព័ន្ធអន្តរជាតិ ដឹកនាំដោយអាមេរិក ប៉ុន្តែ រាល់សមាជិកទាំង២៨របស់អូតង់ គឺបានចូលរួម រៀងៗខ្លួនរួចហើយ ក្នុងក្របខ័ណ្ឌប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត ដូចជាបណ្តុះបណ្តាលយោធា អ៊ីរ៉ាក់ ជាដើម៕