រាជធានីភ្នំពេញ៖ ជនសង្ស័យពីរនាក់បានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ឋដៃពីបុរសជនជាតិកូរ៉េម្នាក់បានសម្រេច កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១៩២៨ ហៅផ្លូវឧកញ្ញា ម៉ុង រិទ្ធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ខណៈពេលដែរជនរងគ្រោះកាន់ទូរស័ព្ឋនិយាយដើរតាមដងផ្លូវ។
តាមសម្ដីពីលោកពូរត់ម៉ូតូឌុបម្នាក់បាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ បុរសជនជាតិកូរ៉េម្នាក់ដោយមិនស្គាល់អត្តសញ្ញាណ បានដើរតាមចញ្ចើមផ្លូវឧកញ្ញា ម៉ុង រិទ្ធី ពីទិសដៅពីកើតទៅលិច ដោយហូសពីរង្វង់មូលកាំកូសុីធីប្រហែល៥០០ម៉ែត្របន្តិច ក៏មានជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់ មិនចាំស្លាកលេខ បានឌុបគ្នាមកពីក្រោយ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ឋដៃរបស់ជនជាតិបរទេសដែលកំពុងកាន់និយាយតាមចញ្ចើមផ្លូវបានសម្រេច រួចហើយជនសង្ស័យបានជិះម៉ូតូទៅមុខយ៉ាងលឿនគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុភ្លាមៗ ជនបរទេសបានត្រឹមតែរត់ដេញតាមពីក្រោយ ហើយស្រែកខ្លាំងៗជាភាសាបរទេស ដោយគ្មានអ្នកជួយ និងបានពឹងប្រជាពលរដ្ឋទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះជួយអត្តរាគមន៍តាមចាប់ជនសង្ស័យខាងលើ និងដឹករូបគាត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលសង្កែ ដើម្បីកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យខាងលើ។
គួរបញ្ចាក់ផងដែរថា ករណី លួច ឆក់ ប្លន់ ក្នុងបណ្ដាលរាជធានីភ្នំពេញកំពុងតែកក្រើកឡើងវិញហើយ ដូច្នេះហើយសូមសមត្ថកិច្ចជំនាញខាងបង្ក្រាបបទល្មើសមេត្តាជួយពិនិត្យមើលផង បើមិនអញ្ចឹងទេក្រុមជនល្មើសទាំងនោះរឹតតែបង្កអសន្តិសុខលើសហ្នឹងទៅទៀត៕