រាជធានីភ្នំពេញ៖ គិតមកត្រឹមវេលាម៉ោង ១៨ និង០០នាទីថ្ងៃទី ១២ ឧសភា ឆ្នាំ២០១៧ កូនប្រុសបង្កើតប្រពន្ធដើមនាយ ហុង ដា បានឆ្លើយសារភាពហើយ ថាខ្លួនពិតជាអ្នកសម្លាប់នារីជាម្តាយចុងប្រាកដមែន ដើម្បីប្លន់ទ្រព្យសម្បត្តិ ។
ជនសង្ស័យរូបនេះ មានឈ្មោះអឿន សុខខេង អាយុ២០ឆ្នាំ ត្រូវជាកូនប្រុសប្រពន្ធដើម តារាកំប្លែងនាយហុង ដា ។រូបគេ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ធ្វើការឃាត់ខ្លួន នៅខាងក្រោយវត្តចាស់ ក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នាវេលាម៉ោង១៥ និង៣០នាទីរសៀលថ្ងៃខែឆ្នាំដដែល ។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនសម្លាប់នារីជាម្តាយចុងគឺសម្លាប់ដើម្បីប្លន់យកទ្រព្យសម្បត្តិមួយចំនួនដូចជា កងដៃ១ឈុត ចិញ្ចៀន១វង់សរុបជាលុយជិត ៤០០ដុល្លារ និងទូរស័ព្ទដៃ១២៨០មួយគ្រឿង ។
គួររំលឹកថា កាលពីវេលាម៉ោង ១២ និង ០០នាទីថ្ងៃទី ១១ ឧសភា ២០១៧ ប្រពន្ធចុងវ័យក្មេងរបស់តារាកំប្លែង នាយ ហុង ដា ត្រូវឃាតករម្នាក់សម្លាប់ដោយយកខ្សែឆ្នាំងអ៊ុតរឹត.ក នៅក្នុងបន្ទប់អាគារខុនដូរមួយកន្លែងក្បែរ ផ្សារសារឿនយ៉ានី ក្នុងភូមិតាឡៃ សង្កាត់ដង្កោរ ខណ្ឌដង្កោរ ។
តាមការសាកសួរនាំព័ត៌មានមួយចំនួនយ៉ាងល្អិតល្អន់រួចមក សមត្ថកិច្ចដាក់សង្ស័យទៅលើ យុវជនជាកូនប្រុស ប្រពន្ធដើមនាយហុងដា ថាជាឃាតករសម្លាប់ នារីជាម្តាយចុង ហើយស្វែងរកតាមចាប់ខ្លួនតាំងពីម្សិលមិញ ហើយទើបនឹងឃាត់ខ្លួនបាននៅខណ្ឌជ្រោយចង្វាតែម្តង ។
សូមបញ្ជាក់នារីរងគ្រោះជាប្រពន្ធចុងនាយហុង ដា មានឈ្មោះ សឹម ចន្ធី អាយុ១៩ឆ្នាំ ។ នាង និងនាយហុង ដា រួមរស់ជាមួយគ្នាជាង១ឆ្នាំមកហើយដោយមានកូនស្រីម្នាក់អាយុទើប៦ខែប៉ុណ្ណោះ ៕