MENU
|
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវជាកូនប្រុសបង្កើតតារាកំប្លែង នាយ ហុងដា ដែលសមត្ថកិច្ចដាក់ ការសង្ស័យថាជាអ្នកសម្លាប់ នារីជាម្តាយចុងខ្លួន ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជា មួយ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាធ្វើការឃាត់ខ្លួនបានហើយ នៅខាងក្រោយវត្តចាស់ ក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នាវេលាម៉ោង១៥ និង៣០នាទីរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៧នេះ ។
ជនសង្ស័យអឿន សុខខេង អាយុ២០ឆ្នាំ ត្រូវជាកូនប្រុសប្រពន្ធដើមតារាកំប្លែង នាយហុង ដា ។ បច្ចុប្បន្នរូបគ នឹងនារីម្នាក់ស្នាក់នៅជាមួយគ្នាកំពុងត្រូវបានបញ្ចូនខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ដើម្បីសាកសួរនាំបន្ថែម ។
គួររំលឹកថា កាលពីវេលាម៉ោង ១២ និង ០០នាទីថ្ងៃទី ១១ ឧសភា ២០១៧ ប្រពន្ធចុងវ័យក្មេងរបស់ តារាកំប្លែង នាយ ហុង ដា ត្រូវឃាតករម្នាក់សម្លាប់ ដោយយកខ្សែឆ្នាំងអ៊ុតរឹត.ក នៅក្នុងបន្ទប់អាគារខុនដូរមួយកន្លែងក្បែរ ផ្សារសារឿនយ៉ានី ក្នុងភូមិតាឡៃ សង្កាត់ដង្កោរ ខណ្ឌដង្កោរ ។
តាមការសាកសួរនាំព័ត៌មានមួយចំនួនយ៉ាងល្អិតល្អន់រួចមក សមត្ថកិច្ចដាក់សង្ស័យទៅលើ យុវជនជាកូនប្រុស ប្រពន្ធដើមនាយហុងដា ថាជាឃាតករសម្លាប់ នារីជាម្តាយចុង ហើយស្វែងរកតាមចាប់ខ្លួនតាំងពីម្សិលមិញ ហើយទើបនឹងឃាត់ខ្លួនបាននៅខណ្ឌជ្រោយចង្វាតែម្តង ។
ក្នុងអំពើឃាតកម្មដដែលនេះ មិនទាន់មានប្រភពណាមួយអាចបញ្ជាក់ថា ផ្តើមចេញមកពី មូលហេតុអ្វីនោះទេ ដែលនាំអោយឃាតករ សម្លាប់ជនរងគ្រោះយ៉ាងព្រៃផ្សៃ យ៉ាងដូចនេះ ។ មួយវិញទៀត គេក៏មិនទាន់ដឹងថា កូនប្រុសប្រពន្ធដើមនាយហុង ដា ដែលឃាត់ខ្លួនបានពេល នេះ ជាអ្នកសម្លាប់ម្តាយចុង ១០០ភាគរយផងដែរ គឺរងចាំចម្លើយបំភ្លឺនៅពេលក្រោយ ។
សូមបញ្ជាក់នារីរងគ្រោះជាប្រពន្ធចុង នាយហុង ដា មានឈ្មោះ សឹម ចន្ធី អាយុ១៩ឆ្នាំ ។ នាង និងនាយហុង ដា រួមរស់ជាមួយគ្នាជាង១ឆ្នាំមកហើយដោយមានកូនស្រីម្នាក់អាយុទើប៦ខែប៉ុណ្ណោះ ៕