MENU
|
រាជធានីភ្នំពេញ៖ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកជុំ សុន្ទរីកាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០១៧បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថាតាមការអញ្ជើញរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៤ដល់ ថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៧ ។
ក្នុងឱកាសដំណើរទស្សនកិច្ចនេះឯកឧត្តម ង្វៀន សួនហ្វ៊ុក នឹងចូលគ្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តម ង្វៀន សួនហ្វ៊ុក ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ក្រៅពីនេះ ឯកឧត្តម ង្វៀន សួនហ្វ៊ុក នឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ។នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះដែរ នាយករដ្ឋមន្រ្ដីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធស្ពានតភ្ជាប់ជ្រៃធំ (ខេត្តកណ្ដាល) និងឡុងប៊ិញ (ខេត្តអានយ៉ាង) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧។
ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ង្វៀន សួនហ្វ៊ុក នៅព្រះរាជាណាចក្រកម្ពុជា នឹងគូសបញ្ជាក់ពីការប្រារព្ធឆ្នាំមិត្តភាព ២០១៧ និងខួបអនុស្សាវរីយ៍លើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ព្រមទាំងរួមចំណែកដល់ការលើកកំពស់ និងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណា-ចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចផ្លូវការនេះនឹងមានចេញផ្សាយសេចក្តីប្រកាសព័ត៌មានរួមមួយព្រមទាំងមានការរំពឹងទុកថានឹងមានការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ។