រាជធានីភ្នំពេញ៖ ជាថ្មីម្ដងទៀតក្រុមគ្រួសារតារាកម្ពុជានឹងធ្វើការប្រគំតន្ត្រីដ៏ធំមួយនៅអនុវិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលមានតារាសិល្បៈចូលរួមប្រមាណជាង៤០រូបនៅថ្ងៃទី៩ ខែមេសាដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានិងមណ្ឌលកុមារកំព្រា។
ស្ថាបនិកក្រុមគ្រួសារតារាកម្ពុជាលោក ផាត់ ដារ៉ារដ្ឋ បានថ្លែងឱ្យដឹងថា ការសម្តែងដើម្បីរៃអង្គាសថវិកាក្នុង ន័យមនុស្សធម៌នេះ គឺធ្វើឡើងដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផានិងមណ្ឌល កុមារកំព្រាដែលស្ថិតក្នុងខេត្តកណ្តាល។ លោកបន្តថា “ថវិកាដែលប្រមូលបានយើងនឹងផ្តល់ជូនខាងមន្ទីរពេទ្យគន្ធបុប្ផា៥០ភាគរយនិង៥០ភាគរ ទៀតជូនមណ្ឌលកុមារកំព្រោនៅខេត្តកណ្តាល”។
គួរបញ្ជាក់ថា គ្រួសារតារាកម្ពុជាបានរួមគ្នាធ្វើកម្មវិធីសប្បុរស និងកម្មវិធីមនុស្សធម៌ជាច្រើនមកហើយដូចជា ប្រមូលស្នាមមេដៃ ថ្កោលទោសដល់អ្នក បង្ហោះរូបអាក្រាតកាយរបស់អ្នក ចម្រៀង វណ្ណ នីឡា ប្រគំតន្ត្រីដ៏ធំនៅ សកលវិទ្យាល័យន័រតុនកាលពីខែ សីហា ឆ្នាំ២០១៦ រៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា បើកការប្រគំតន្ត្រីនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ចម្ការដូងដើម្បីបំផុសឱ្យមានការបរិច្ចាគឈាមប្រគំតន្ត្រីនៅមជ្ឈមណ្ឌលផ្តល់ឈាមកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីបំផុសឱ្យមានការបរិច្ចាគឈាមដោយទទួលបានលទ្ធផលល្អនឹងមានភាពជោគជ័យច្រើន។ ក្រៅពីនោះក៏មានការរៃអង្គាសថវិកាជួយដល់តារាចាស់ៗនិងក្រុមអ្នកក្រខ្សត់និងមានកម្មវិធីថ្លែងអំណរគុណដល់តារាសម្តែងលំដាប់ពិភពលោក អ្នកនាង អេនជេលីណា ចូលី និងកម្មវិធីចុងក្រោយសម្រាប់ឆ្នាំចាស់គឺការប្រគំតន្ត្រីដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា នាថ្ងៃទី៩ ខែមេសា នៅ អនុវិទ្យាល័យហ៊ុនសែន សេរីភាព។
ស្ថាបនិករូបនេះក៏សូមអំពាវនាវដល់សប្បុរសជននានាឲ្យបន្តចូលរួមចែករំលែកជួយដល់មន្ទីរគន្ធបុប្ផាបន្តទៀតដើម្បីជួយដល់កុមាកម្ពុជាខណៈដែលមន្ទីរពេទ្យនៅតែត្រូវការថវិកាដើម្បីទ្រទ្រង់៕