រាជាធានីភ្នំពេញ៖ ជាថ្មីម្ដងទៀតក្រុមគ្រួសារតារាកម្ពុជានឹងធ្វើការប្រគំតន្ត្រីដ៏ធំមួយនៅអនុវិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលមានតារាសិល្បៈចូលរួមប្រមាណជាង៤០រូបនៅថ្ងៃទី៩ ខែមេសាខាងមុខ ដើម្បីរៃអង្គាស ថវិកាជួយដល់មន្ទីរ ពេទ្យគន្ធបុប្ផា និងមណ្ឌលកុមារកំព្រា។
ស្ថាបនិកក្រុមគ្រួសារតារាកម្ពុជាលោក ផាត់ ដារ៉ារដ្ឋ បានថ្លែងឱ្យដឹងថា ការសម្តែងដើម្បីរៃអង្គាសថវិកាក្នុង ន័យមនុស្សធម៌នេះ គឺធ្វើឡើងដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផានិងមណ្ឌល កុមារកំព្រាដែលស្ថិតក្នុងខេត្តកណ្តាល។ លោកបន្តថា “ថវិកាដែលប្រមូលបានយើងនឹងផ្តល់ ជូនខាងមន្ទីរពេទ្យគន្ធបុប្ផា៥០ភាគរយនិង៥០ភាគរយទៀតជូនមណ្ឌលកុមារកំព្រោនៅខេត្ត កណ្តាល”។
គួរបញ្ជាក់ថា គ្រួសារតារាកម្ពុជាបានរួមគ្នាធ្វើកម្មវិធីសប្បុរស និង កម្មវិធីមនុស្សធម៌ជាច្រើនមកហើយដូចជាប្រមូលស្នាមមេដៃ ថ្កោលទោសដល់អ្នកបង្ហោះរូបអាក្រាតកាយរបស់អ្នក ចម្រៀង វណ្ណ នីឡា ប្រគំតន្ត្រីដ៏ធំនៅសកលវិទ្យាល័យន័រតុនកាលពីខែ សីហា ឆ្នាំ២០១៦ រៃអង្គាសថវិកាជូន មន្ទីរពេទ្យគន្ធបុប្ផា បើកការប្រគំ តន្ត្រីនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ចម្ការដូង ដើម្បីបំផុសឱ្យមានការបរិច្ចាគ ឈាម ប្រគំតន្ត្រីនៅមជ្ឈមណ្ឌល ផ្តល់ឈាម កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីបំផុសឱ្យមានការ បរិច្ចាគឈាមដោយទទួលបានលទ្ធផល ល្អ នឹងមានភាពជោគជ័យច្រើន។ ក្រៅ ពីនោះក៏មានការរៃអង្គាសថវិកាជួយ ដល់តារាចាស់ៗ និងក្រុមអ្នកក្រខ្សត់ និងមានកម្មវិធីថ្លែងអំណរគុណដល់ តារាសម្តែងលំដាប់ពិភពលោក អ្នកនាង អេនជេលីណា ចូលី និងកម្មវិធីចុង ក្រោយសម្រាប់ឆ្នាំចាស់ គឺការប្រគំតន្ត្រីដើម្បីរៃអង្គាស ថវិកាជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា នាថ្ងៃទី៩ ខែមេសា នៅ អនុវិទ្យាល័យហ៊ុនសែន សេរីភាព។
ស្ថាបនិករូបនេះក៏សូមអំពាវនាវដល់សប្បុរសជននានាឲ្យបន្តចូលរួមចែករំលែកជួយដល់មន្ទីរគន្ធបុប្ផាបន្តទៀតដើម្បីជួយដល់កុមាកម្ពុជាខណៈដែលមន្ទីរពេទ្យនៅតែត្រូវការថវិកាដើម្បីទ្រទ្រង់៕