MENU
|
ខេត្តក្រចេះ៖ សមត្ថកិច្ចបាននិយាយនៅថ្ងៃទី៣ខែមេសាឆ្នាំ២០១៧ជនដៃដល់ក្នុងអំពើឃាតកម្មវាយសម្លាប់ស្ត្រីមេម៉ាយម្នាក់ នៅស្រុកសំបូរ ដោយបានវាយចាក់សម្លាប់បំបាក់.ក រួចអូសសាកសពទៅលាក់ក្នុងបន្ទប់ទឹក ក្រោយពីធ្វើសកម្មភាពរួចគេចខ្លួនអស់រយៈពេលជា១ខែ ត្រូវបាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាននៅខេត្តបាត់ដំបង។
នគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យដៃដល់ក្នុងអំពើរឃាតកម្មមួយនេះ ត្រូវបានចាប់ខ្លួនទៅតាមដីការនាំខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តក្រចេះ ខណៈជននេះគេបានធ្វើសកម្មភាពវាយសម្លាប់លើស្រ្តីរងគ្រោះ រួចបានគេចខ្លួនទៅសម្ងំរស់នៅខេត្តបាត់ដំបង។
អនុកណ្តាលការិយាល័យព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក កង វណ្ណី បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ កាន់ វណ្ណៈ ហៅណាក់ អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ក៏ជាមុខសញ្ញាធ្លាប់ជាប់ពន្ឋនាគារម្តងរួចមកហើយ ពាក់ព័ន្ឋនិងករណីអំពើលួចសម្ភារៈរបស់ក្រុមហ៊ុនចិនប្រព្រឹត្តនៅស្រុកសំបូរ។
ជនដៃដល់បានឆ្លើយសារភាពប្រាប់នគរបាលថាខ្លួនពិតជាបានប្រើប្រាស់ឈើជ្រុង វាយសម្លាប់ស្រ្តីរងគ្រោះ រួចមួលបំបាក់.ក ដោយសារតែរឿងទំនាស់ធ្វើទ្រុងជ្រូក។ បន្ទាប់មកបានធ្វើឲ្យមានការភ្ញាក់ ផ្អើលនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៤ កុម្ភៈ បន្ទាប់ពីកូនស្រ្តីជំទង់របស់ស្រីរងគ្រោះត្រឡប់ មកពីសាលារៀនវិញ។
លោកវរសេនីយ៍ឯក កង វណ្ណី បានឲ្យដឹងថា៖ សាកសពស្រ្តីរងគ្រោះឈ្មោះ អេង ម៉េងជា អាយុ៤៣ឆ្នាំ ជាស្រ្តីមេម៉ាយកូន៣នាក់ ស្រី២នាក់ និងមានមុខរបរចិញ្ចឹមជ្រូក ហើយក៏មានទ្រព្យធនសមរម្យ រស់នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូ ខេត្តក្រចេះ។ ស្រ្តីរងគ្រោះ ត្រូវជនដៃដល់វាយនិងចាក់សម្លាប់កាច់បំបាក់.ក និងបានអូសយកសាកសពទៅលាក់ក្នុងបន្ទប់ទឹក នៅខាងលើផ្ទះខណៈដែលស្រ្តីរងគ្រោះនៅផ្ទះតែម្នាក់ឯង។
លោកអនុកណ្តាលការិយាល័យព្រហ្មទណ្ឌបានបញ្ជាក់ថា៖ នគរបាលជំនាញព្រហ្ម ទណ្ឌជាច្រើននាក់បានចុះទៅពិនិត្យកន្លែងកើតហេតុ និងសាកសពស្រ្តីរងគ្រោះ ក្រោយទទួលបានព័ត៌មានភ្លាមៗ។
លោកថា៖ ការស៊ើបអង្កេតរបស់នគរបាលជំនាញក្រោមការ ចង្អុលបង្ហាញនីតិវិធីពីសំណាក់លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត ទើបឈានដល់ការកំណត់លើមុខសញ្ញា និងបើកប្រតិបត្តការស្រាវជ្រាវលើជនសង្ស័យ និងឈានឲ្យមានការចាប់ខ្លួនបានក្រោយពីកម្លាំងនគរបាលខេត្តទាំងពីរ គឺខេត្តក្រចេះនិង ខេត្តបាត់ដំបងបានរួមសហការគ្នា។
ក្រោយពីបាននាំខ្លួនជនដៃដល់ពីខេត្តបាត់ដំបង មកសាកសួរនៅស្នងការនគរបាលខេត្តក្រចេះ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានចាត់បញ្ជូនខ្លួនជនសង្ស័យដៃដល់នេះ ទៅកាន់តុលាការនៅព្រឹកថ្ងៃទី៣ មេសានេះហើយ។