MENU
|
ខេត្តកណ្តាល៖ លោកតាអាយុ៦០ឆ្នាំម្នាក់បានល្បួងលួងលោមចៅស្រីបង្កើតពីរនាក់ អាយុ៩ឆ្នាំដូចគ្នាធ្វើសកម្មភាពរំលោភបាន៥ដងទើបបែកការណ៍ ត្រូវម្តាយក្មេងស្រីដាក់ពាក្យបណ្តឹងមកនគរបាលប៉ុស្តិ៍កោះឧកញ៉ាតីធ្វើការឃាត់ខ្លួនចាត់ការតាមច្បាប់។ លោកតារំលោភចៅស្រីបង្កើតនោះត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង២នាក់ដែលជាអនីតិជន ១-ឈ្មោះស្រី សុវណ្ណជលសា ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ នៅក្នុងបន្ទុកឪពុកម្តាយ និង២-ឈ្មោះ ឡី សុចិន្តា ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ នៅក្នុងបន្ទុកឪពុកម្តាយ ។ ក្មេងស្រីរងគ្រោះទាំងពីរនាក់មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ចំណែកលោកតាល្មោភកាមឈ្មោះ ផៃ ស្រី ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ ។
សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងទៀតថា កន្លងមកជនសង្ស័យបានរំលោភចៅស្រីបង្កើតរបស់ខ្លួនឈ្មោះ ឡី សុចិន្តា និងឈ្មោះ ស្រី សុវណ្ណជលសា នៅក្នុងកំឡុងខែមករា ឆ្នាំ២០១៧ ។ ជនសង្ស័យបានរំលោភចៅស្រី ឈ្មោះឡី សុចិន្តា បានចំនួនពីរលើក គឺនៅលើផ្ទះរបស់ខ្លួន ។ ចំណែកឯចៅស្រីឈ្មោះ ស្រី សុវណ្ណជលសា ជនសង្ស័យរំលោភបាន៣លើក គឺនៅក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០១៧ បានចំនួន២លើក នៅលើកាណូត១ដងនិងនៅលើផ្ទះ១ដង ។
ដោយឡែកនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទី ជនសង្ស័យបាននាំចៅស្រីទៅរោងចម្ការខ្ញីហើយបានធ្វើសកម្មភាពរំលោភជាលើកទី៣។ ពេលរំលោភហើយជនសង្ស័យបាននាំចៅទៅផ្ទះពេលជនរងគ្រោះទៅដល់ផ្ទះម្តាយឃើញខោកូនស្រីមានសភាពសើម ក៏មានការសង្ស័យសួរដេញដោលកូនទើបក្មេងស្រីរងគ្រោះប្រាប់ពីដំណើររឿងថាជីតាចាប់រំលោភ ។
បន្ទាប់ពីដឹងរឿងរ៉ាវទាំងអស់នេះមក ម្តាយក្មេងស្រីរងគ្រោះឈ្មោះណុះ អមរា មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកោះឧកញ៉ាតី ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្នាននគរបាលស្រុកបន្តអនុវត្តនីតិវិធី ៕