រាជធានីភ្នំពេញ៖ នៅវេលាម៉ោង៩ និង០០នាទីព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ កម្លាំងនគរបាលនៃនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញបានបន្តប្រតិបត្តិការចុះត្រួតពិនិត្យការចូលមករស់នៅ និងធ្វើការដោយខុសច្បាប់នៅចំណុចទីតាំសិប្បកម្មកៃច្នៃឈើស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រតិបត្តិការចុះត្រួតពិនិត្រខាងលើនេះដែរធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ ។
ជាលទ្ធិផលសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាមចំនួន១២នាក់ ក្នុងនោះស្រី៤នាក់ ពុំមានលិខិតឆ្លងដែននិងច្បាប់អនុញ្ញាតិការងារត្រឹមត្រូវដូច្នេះហើយពួកគេត្រូវឃាត់ខ្លួនភ្លាមៗ បញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីច្បាប់ ។
ឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍អោយដឹងថា ចំពោះជនបរទេសណាដែលចូលមករស់នៅនិងធ្វើការដោយខុសច្បាប់ដោយគ្មានភ្ជាប់ជាមួយលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងនោះពួកគេនឹងត្រូវឃាត់ខ្លួនបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជា ទៅកាន់ប្រទេសដើមខ្លួនវិញនៅពេលខាងមុខ ៕