រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ខែមីនាឆ្នាំ២០១៧នេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នឹងរៀបចំកម្មវិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី៨ ខែមីនាខួបទី១០៦ ក្រោមប្រធានបទជាលក្ខណៈអន្តរជាតិនៅឆ្នាំ២០១៧ នេះ គឺក្លាហានដើម្បីការផ្លាស់ប្ដូរ និងអំពាវនាវឲ្យមនុស្សគ្រប់រូបធ្វើសកម្មភាពដោយក្លាហាន ដើម្បីលើកកម្ពស់សមភាពយេនឌ័រ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា កម្មវិធីនេះមានតាំងពិព័រណ៍រូបថតរបស់សកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាស្ត្រីចំនួន ១៩នាក់ដែលក្នុងចំណោមអ្នកទាំងនោះ នឹងផ្ដល់ឱកាសឲ្យរៀបរាប់ពីការងាររបស់ខ្លួនក្នុងពិធីនេះ ហើយក៏មានការចាក់បញ្ចាំងខ្សែវីដេអូខ្លី ដែលបង្ហាញពីសមាជិកគ្រួសាររបស់មន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ទាំង ៥នាក់ និងសុំឲ្យមានការដោះលែងពួកគាត់វិញ។
សកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាច្រើននៅកម្ពុជា គឺជាស្ត្រី ហើយក្នុងនាមជាអ្នកដឹកនាំសហគមន៍ និងសង្គមស៊ីវិល ពួកគាត់ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ ការពង្រឹង និងការពារសិទ្ធិមនុស្ស។ ប៉ុន្តែជារឿយៗ ពួកគាត់ប្រឈមនឹងការគំរាមកំហែង ការយាយី និងអសុវត្ថិភាពពេលកំពុងបំពេញការងាររបស់ខ្លួន។
កម្មវិធីនេះ ក៏មានបំណងបង្ហាញពីការងាររបស់សកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាស្ត្រី រួមទាំងសកម្មជនកំពុងស្ថិតនៅក្នុងពន្ធនាគារ គឺអ្នកស្រី ទេព វន្នី និងអ្នកស្រី លឹម មុន្នី ដោយបំផុសឲ្យមានការពិភាក្សាជុំវិញតួនាទីរបស់ស្ត្រីក្នុងសង្គម និងកសាងសាមគ្គីភាពក្នុងចំណោមអ្នកទាំងឡាយណាដែលធ្វើការដើម្បីសិទ្ធិមនុស្ស និងសមភាពយេនឌ័រ៕