MENU
|
ខេត្តព្រះសីហនុ៖ នៅវេលាល្ងាចថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៧នេះ បានកើតមានអំពើហិង្សាព្រៃផ្សៃមួយ បង្កដោយក្រុមជនទំនើងចំនួន៥នាក់ បានជិះម៉ូតូ២គ្រឿង កាន់ដាវ២ដើមដេញកាប់ជនរងគ្រោះម្នាក់ទៀតបណ្តាលអោយរងរបួសក្បាលធ្ងន់ធ្ងរបាក់ជើងឆ្វេង និងរងរបួសកន្លែងមួយចំនួនទៀតដោយសារមើលមុខឌឺដាក់គ្នា និងទាស់សម្ដីគ្នាបន្តិចបន្តួច។
ជនរងគ្រោះក្នុងអំពើហិង្សារខាងលើនេះមានឈ្មោះ តាំ សុខងួន អាយុ២០ឆ្នាំ មានទីលំនៅភូមិអ៊ុងក្នុង ឃុំរាម ស្រុកព្រៃនប់ ។ ត្រូវក្រុមជនសង្ស័យកាប់ត្រូវក្បាល២ដាវបាក់ឆ្អឹងជើងខាងឆ្វេង របួសប្រអប់ដៃខាងស្តាំនិងកជើងខាងស្តាំទៀតនិងបែកក្បាលហូរឈាមស្រោចខ្លួន។
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អោយដឹងថា មូលហេតុដែលនាំឲ្យកើតមានអំពើហិង្សានេះឡើងដោយសារក្មេងទំនើងទាំងនោះមើលមុខឌឺដាក់គ្នា និងទាស់ពាក្យសម្តីគ្នាទើបឈានដល់ដេញកាប់ជនរងគ្រោះគ្មានត្រាប្រណីតែម្ដង។
ក្រោយជួបគ្រោះថ្នាក់ខាងលើជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានដំណឹងចេញពីមន្ទីរពេទ្យភ្លាមលោកឧត្តមសេនីយ៍ទោស្នងការ បានដឹកនាំកម្លាំងជំនាញរបស់ការិយាល័យកណ្តាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅចាប់ក្រុមជនសង្ស័យបានចំនួន ៥នាក់ នៅស្រុកស្ទឹងហាវ ។
ជនសង្ស័យទាំង៥នាក់មានឈ្មោះ ទី១.ឈ្មោះ សុខ ដារ៉ូ អាយុ១៦ឆ្នាំ ទី២.ឈ្មោះ វង្ស ពិសិដ្ឋ អាយុ១៥ឆ្នាំ ទី៣. ឈ្មោះ ម៉ៅ ចាន់បូរ៉ា អាយុ២១ឆ្នាំ ទី៤.ឈ្មោះ ហ៊ន វីរៈ អាយុ១៧ឆ្នាំ និង ទី៥ឈ្មោះ យាង មករា អាយុ១៥ឆ្នាំ។
ក្នុងការឃាត់ខ្លួនជនបង្កទាំង៥នាក់ កម្លាំងនគរបាលដកហូតបានដាវ១ដើម ហើយនៅមានដាវ១ដើមទៀតដែលជនសង្ស័យបានបោះចោលក្នុងព្រៃរកមិនទាន់ឃើញនិងម៉ូតូចំនួន ២គ្រឿងផងដែរ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវកម្លាំងជំនាញកំពុងបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការទៅតាមនីវិធីច្បាប់ ៕