MENU
|
ភ្នំពេញ៖ កម្លាំងជំនាញនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោកចុះបង្ក្រាបអ្នកចែកចាយគ្រឿងញៀនឃាត់ខ្លួនក្មេងស្រីចំនួន៣នាក់ រួមទាំងថ្នាំញៀនសរុប៧៥កញ្ចប់តូច ដែលកំពុងឈរចែកចាយនៅម្តុំរោងចក្រឆ្នាំង។ ប្រតិបត្តិការណ៍នេះធ្វើឡើងកាលម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវរថភ្លើង ក្រុម១០៦ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នគរបាលបានប្រាប់អោយដឹងថា ករណីទី១ ឃាត់ខ្លួនក្មេងស្រី២នាក់ រួមទាំងដកហូតសារធាតុញៀនប្រភេទក្រាមសថ្លាចំនួន៤២កញ្ចប់តូច ពីឈ្មោះ ចាន់ ស្រីមាស ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងក្មេងស្រីម្នាក់ទៀតឈ្មោះ សាត ស្រីណែត ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រួមទាំងស្នាក់នៅមិនពិតប្រាកដផងដែរ ដែលជាជនអនាថា ។ និងករណីទី២ ឃាត់ខ្លួនបានម្នាក់ទៀត ឈ្មោះ សម ណា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ ស្នាក់នៅម្តុំរោងចក្រឆ្នាំងដកហូតសារធាតុញៀនប្រភេទក្រាមសថ្លាចំនួន៣៣កញ្ចប់តូច ។
សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ កម្លាំងនរគបាលជំនាញធ្វើការស្រាវជ្រាវ ព្រមទាំងអនុវត្តយុទ្ធនាការប្រឆាំងនិងបង្ក្រាបគ្រឿងញៀនទូរទាំងប្រទេសចាប់ពីថ្ងៃទី១ មករា ២០១៧ រហូតទៅដល់ថ្ងៃទី១ មិថុនា ២០១៧ ។ ដោយទីតាំងខាងលើចរាចរនិងចែកចាយគ្រឿងយ៉ាងសកម្មទោះបីជាសមត្ថកិច្ចបង្ក្រាបច្រើនលើកច្រើនសារក៏មិនចេះអស់ឡើយ ដែលឈរលក់គ្រឿងដូរផ្សារត្រីអញ្ចឹង ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាង ត្រូវនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី ៕