រាជធានីភ្នំពេញ៖ គូស្នេហ៍សិល្បៈមួយគូទៀតហើយដែលបានបែកធ្លាយរឿងស្នេហាស្រឡាញ់គ្នាក្រោយរាប់អានកើតចេញពីមិត្តភាពបានបង្កឲមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានទាំងក្នុងនិងសិល្បៈខ្លាំងគួរសមក្រោយផ្ទុះរឿងនេះមក។ប្រភពពីអ្នកក្នុងចង្កោមសិល្បៈបានទម្លាយថា តារាសម្តែង សឿន ផានផាភួង កំពុងសាងស្នេហ៍ផ្អែមល្ហែមល្អូកល្អឺនជាមួយតារាសម្តែងប្រុសយុទ្ធ ថានៈដែលចំណងស្នេហ៍នេះបានឆាបឆះអស់រយៈពេលជាយូរមកហើយ ក្រោយពេលពួកគេមានឱកាសសម្តែងរួមគ្នាជាញឹកញាប់។
មានការលើកឡើងដែរថាចំណងស្នេហ៍នេះលេចចេញជារូបរាងក្រោយតារាស្រីសឿន ផានផាភួងស្ងប់ស្ងាត់រឿងភ្ជាប់ស្នេហ៍ថៅកែផលិតកម្មកាលពីប៉ុន្មានខែមុនេះ។ ប្រភពដដែលបន្តទមា្លយថាជាញឹកញាប់គេឧស្សាហ៍ឃើញ តារាសម្តែងសឿន ផានផាភួង និងលោក យុទ្ធ ឋានៈបណ្តើរគ្នាយ៉ាងត្រសងចូលរួមកម្មវិធីអ្នកសិល្បៈ បូករួមទាំងបណ្តើរគ្នាទៅទទួលទានអាហារជុំគ្នាជាមួយមិត្តរួមអាជីពជាដើម។ ទោះជាយ៉ាងណាទំនាក់ទំនងនេះហាក់មិនទាន់ស៊ីជម្រៅឬអាចឈានចូលដល់ថ្ងៃចូលរោងការនោះដែរព្រោះតែពួកគេកំពុងបន្តស្វែងយល់ចិត្តគ្នាជាមុនសិន។
ជុំវិញការទម្លាយរឿងរ៉ាវស្នេហាក្រៅឆាកនេះ តារាសម្តែងលោក យុទ្ធ ឋានៈ មិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយ ។ ខណៈដែល តារាសម្តែង សឿន ផានផាភួងបានលើកទូរស័ព្ទ និងនិយាយដោយខ្លីថានាងកំពុងជាប់រវល់ជាមួយនឹងការសម្តែងខ្សែភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍។ នាងថានឹងបញ្ជាក់អំពីព័ត៌មាននេះនៅពេលក្រោយ។