MENU
|
រាជធានីភ្នំពេញ៖ លោកទ្រី តារាវុធត្រៀមបង្ហាញទេពកោសល្យសម្តែងរឿងថ្មីក្នុងផលិតកម្មឥន្រ្ទានិម្មិត។ដោយយល់ឃើញពីសមត្ថភាពនិងទេពកោសល្យសម្តែងនិងមុខមាត់ស្អាតបាតលោកទ្រី តារាវុធតារាសម្តែងវ័យក្មេងកំពុងមានឈ្មោះក្នុងសិល្បៈបានត្រូវផលិតកម្មឥន្រ្ទានិម្មិតដែលស្រូបបានភាពល្បីល្បាញពីសំណាក់ទស្សនិកជនបានសម្រេចយកតារារូបនេះជាតួឯកថ្មីក្នុងរឿងបន្ទាប់ពីបានទទួលជោគជ័យក្នុងរឿង«កំណត់ហេតុនាងនាថ» ។ តារាសម្តែងបង្ហាញម៉ូត និងពិធីករ ទ្រី តារាវុធ ទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយពីលោកទទួលបានការងារសិល្បៈជាបន្តបន្ទាប់ ពិសេសក្រោយពេលតារារូបនេះទទួលបានចំណាត់ថ្នាក់លេខមួយពីកម្មវិធីប្រឡងល្បីឈ្មោះFreshie Boy & Girl ជំនាន់ទី១៥ឆ្នាំ២០១៦។ តារារូបនេះបញ្ជាក់ថាក្នុងពេលដ៏ខ្លីខាងមុខនេះលោកនឹងចូលរួមសម្តែងខ្សែភាពយន្តខ្នាតធំថ្មីមួយរបស់ផលិតកម្ម ឥន្ទ្រានិម្មិទ។ លោកមិនបានបញ្ជាក់ចំណងជើងនៃខ្សែភាពយន្តនេះទេប៉ុន្តែ លោកលើកឡើងថាខ្សែភាពយន្តក្នុងតំណែងតួឯកលើកដំបូងនេះនឹងត្រូវចាប់ផ្តើមផលិតក្នុងអំឡុងពាក់កណ្តាលខែកុម្ភៈឆ្នាំ២០១៧នេះ។តារាបង្ហាញម៉ូតរូបនេះលើកឡើងដែរថាកន្លងមកលោកធ្លាប់បានចូលរួមសម្តែងក្នុងខ្សែភាពយន្តមួយចំនួនដូចជា”កំឡោះ៥១ក្រមុំ៣២” និងរឿង”កំណត់ហេតុនាងនាថ”ជាដើមដែលរឿងទាំងនោះមិនស្ថិតក្នុងតំណែងតួឯកនោះទេ។ លោកថាក្រោយមើលសាច់រឿងថ្មីនេះលោកគិតថាប្លែកថ្មី ទាក់ទាញជាងរឿងមុនៗ។ តារាសម្តែងវ័យ២២ឆ្នាំរូបនេះបញ្ជាក់ថាលោកនឹងព្យាយាមសម្តែងឲ្យអស់ពីលទ្ធភាព ហើយលោករំពឹងដែរថាខ្សែភាពយន្តខ្នាតធំនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលចាក់បញ្ចាំងហើយ។
ក្រៅពីការងារសម្តែង និងបង្ហាញម៉ូត លោកក៏ត្រៀមខ្លួនធ្វើជាពិធីករក្នុងកម្មវិធីប្រកួតFreshie Boy & Girl ឆ្នាំ២០១៧ខាងមុខផងដែរ។ និស្សិតឆ្នាំទី៣ផ្នែកស្ថាបត្យកម្មរូបនេះលើកឡើងដែរថា ក្រោយពីបញ្ចប់ការថតខ្សែភាពយន្តរឿង”កំណត់ហេតុនាងនាថ” និងក្លាយជាម្ចាស់ជ័យលាភីFreshie Boyមកក៏មានផលិតកម្មក្នុងស្រុកជាច្រើនបានទំនាក់ទំនងលោកឲ្យចូលរួមសម្តែងជាបន្តបន្ទាប់ប៉ុន្តែដោយមិនមានពេលគ្រប់គ្រាន់ទើបលោកមិនចង់ទទួលច្រើនដែលនាំឲ្យជាន់គ្នាឬពិបាកក្នុងការបែងចែកពេលវេលា។ ទោះជាយ៉ាងណាក្រោយពីទទួលបានការងារថ្មីបន្តបន្ទាប់នេះនឹងធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រលោកកាន់តែច្រើនទទួលយកស្នាដៃថ្មីៗរបស់លោក៕