MENU
|
រាជធានីភ្នំពេញ៖ រយៈពេល២ថ្ងៃនៃប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ ឆក់ និងទទួលផលចោរកម្មចំនួន៨នាក់ ដែលកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការបង្ក្រាបរួចមក នៅវេលាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៦នេះ ជនសង្ស័យទាំង០៨នាក់ត្រូវបានយកមកធ្វើសន្និសិទ្ធិបង្ហាញមុខជាសាធារណៈ។ ការបង្ហាញមុខជាសាធារណៈនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌ ប្រព្រឹត្តិទៅនាប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌ ទទួលផែនយុត្តិធម៌ អោយដឹងថា ជនសង្ស័យ ទាំង ៨នាក់ខាងលើមានឈ្មោះ ទី១ឈ្មោះប៉ាន់ សរិត ហៅម៉េវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី២ឈ្មោះមិន ឌីណា ហៅខ្នុយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី៣ឈ្មោះលាត ឆន្ទះណាលី ហៅសំណាង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិរកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ទី៤ឈ្មោះហ៊ាន ច័ន្ទករុណា ហៅឡា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ទី៥ឈ្មោះអ៊ូ បញ្ញាវុធ ហៅញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី៦ឈ្មោះសុខ ឡា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទាំង៦នាក់ជាមុខសញ្ញាវាយប្លន់ដោយដៃ ដំបង និងដុំថ្មជាដើម និងក៏ជាមុខសញ្ញាឆក់យ៉ាសកម្មនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ ។ ដោយឡែក ២នាក់ផ្សេងទៀតជាមុខសញ្ញាទទួលផលចោរកម្មដ៏ធំមានឈ្មោះ ទី១ឈឿន អូន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ បើកបររថយន្តដឹកឈើ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិខ្ចំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ទី២ឈ្មោះ ញ៉ែម អ៊ីម ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ ជាងម៉ាស៊ីន ភ្លើង មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្លុកស្រូវ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ទាំង២នាក់ត្រូវបានឃាត់ខ្លួននៅខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ អោយដឹងថា មុនឈានដល់ការបង្ក្រាបក្រុម ចោរប្លន់ ឆក់ និងទទួលផលចោរកម្មទាំង៨នាក់ខាងលើ គឺដំបូងឡើយ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពី ជនរងគ្រោះម្នាក់ ឈ្មោះ ឆាន ឈីត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ថាត្រូវក្រុមជនខាងលើធ្វើសកម្មភាពវាយប្លន់ដោយដៃនិងដំបង យកម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ នៅចំណុច ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៤ទាបភ្លឺថ្ងៃទី១ ខែមករា ឆ្នាំ ២០១៦ ។ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមកកម្លាំងសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាន នគរបាលខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចនៃ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតកំណត់បានច្បាស់លាស់ពីទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យទើបឈានទៅដល់ការបង្ក្រាបក្រុមចោរប្លន់ខាងលើបានជាក់ស្តែងចំនួន៦នាក់នៅចំណុចបន្ទប់ផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង៦នាក់បានឆ្លើយសារភាពថាពួកគេ តែងធ្វើសកម្មភាព ប្លន់ដោយប្រើដៃ និងដំបងវាយយកម៉ូតូបានសម្រេចជាច្រើនដងផងដែរហើយរាល់ពេលប្លន់សម្រេចម្តងៗ គឺ ពួកគេបានយកទៅលក់អោយជនសង្ស័យ២នាក់ ផ្សេងទៀត ដែលបច្ចុប្បន្នកំពុងស្នាក់នៅខេត្តកំពង់ស្ពឺ ។
ដោយមានចម្លើយឆ្លើយសារភាពដូចនេះហើយនោះនៅវេលាល្ងាចថ្ងៃទី ២ ខែមករា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការចុះទៅខេត្តកំពង់ស្ពឺដោយសហការជាមួយនគរបាលខេត្តបានឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀតដែលជាមុខសញ្ញាទទួលផលចោរកម្មដ៏ធំផងដែរ ។
សូមបញ្ជាក់ថា ក្នុងការបង្ក្រាបក្រុមជនសង្ស័យទាំង៨នាក់ខាងលើនេះសមត្ថកិច្ចធ្វើការដកហូតបានម៉ូតូចំនួន២គ្រឿង ១គ្រឿងម៉ាកហ្វីណូពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AR-1460 និងមួយគ្រឿងទៀតម៉ាក ស៊ុយហ្ស៊ុយគីលែត ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1CL-0995 ។ ម៉ូតូទាំង២គ្រឿងនេះគឺជាម៉ូតូដែលជន សង្ស័យតែងធ្វើ សកម្មភាពឆក់យ៉ាងសកម្មបំផុតក្នុងរាជធានីភ្នំពេញ និងរថយន្ត០១គ្រឿងម៉ាកកូរ៉ូឡា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E -0453 ។
យ៉ាងណាមិញបច្ចុប្បន្នជនសង្ស័យក៏ដូចជាវត្ថុតាងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕