MENU
|
ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានច្បាស់ការណ៍ពីស្នងការខេត្តព្រះសីហនុ អោយដឹងថា ជនសង្ស័យជាស្មៀនឃុំដែលបានសម្លាប់ប្រពន្ធ និងកូនប្រុសបង្កើតរបស់ខ្លួនអាយុ២ឆ្នាំ ត្រូវបានចាប់ខ្លួនហើយ នៅវេលារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅក្នុងទឹកដីខេត្តព្រះសីហនុ ចំណុចក្បែរង្វង់មូលតោពីស្ថិតក្នុងក្តុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយប្រព្រឹត្តិអំពើឃាតកម្មបានសម្រេចជាង៣ម៉ោងហើយព្យាយាមរត់គេចខ្លួន ។
មន្ត្រីនគរបាលអោយដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុំ រស្មី ហៅ ហ្សូ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរស្មៀនឃុំកោះតូច ស្រុកទឹកឈូ និងមានទីលំនៅ ភូមិទ្វីខាងជើង សង្កត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ ក្រោយការចាប់ខ្លួន តាមចម្លើយឆ្លើយសារភាពដែលឈានអោយរូបគេដាច់ចិត្តសម្លាប់ប្រពន្ធ និងកូនប្រុស គឺដោយសាររូបគេផឹកស្រាច្រើនស្រវឹងខ្វះការគ្រប់គ្រងខ្លួនឯង ។
គួររំលឹកថា កាលពីវេលាម៉ោង ១១ និង២០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ មានអំពើឃាតកម្មសម្លាប់ស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់ ដោយវាយនឹងត្បូងចប បណ្តាលអោយស្លាប់នៅហ្នឹងកន្លែងភ្លាមៗ ។អំពើឃាតកម្មមួយនេះ បានបង្កឲ្យមានការតក់ស្លុត និងភ្ញាក់ផ្អើល នៅព្រឹកទៀបភ្លឺ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
សូមបញ្ជាក់ថាជនរងគ្រោះដែលស្លាប់ទាំង២នាក់មានឈ្មោះ ឈ្មោះម៉ក់ សារ៉ាយ អាយុ២៤ឆ្នាំ ជាប្រពន្ធ និងកូនប្រុសឈ្មោះថា រដ្ឋពិសិដ្ឋ អាយុ២ឆ្នាំ ។ យ៉ាងណាមិញបច្ចុប្បន្នជនសង្ស័យ ត្រូវបញ្ចូនខ្លួនពីខេត្តព្រះសីហនុទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់ចំពោះទង្វើដែលបានប្រព្រឹត្តិ ៕