MENU
|
ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានចាប់ផ្តើមបំពេញទស្សនកិច្ចជប៉ុនក្នុងរយៈពេល២ថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។
កាលពីថ្ងៃទី១៤ធ្នូ លោកពូទីនបានចាប់ផ្តើមទស្សនកិច្ចជប៉ុន ហើយប្រធានបទដែលមេដឹកនាំទាំងពីរត្រូវលើកមកពិភាក្សានោះគឺ ស្វែងរកដំណោះស្រាយបញ្ចប់វិវាទដែនអធិបេយ្យ ។ បើទោះបីដឹងថា ដំណើទស្សនកិច្ចនោះមិនសូវមានផ្លែផ្ការប៉ុន្តែចំពោះជប៉ុនការវិនិយោគចូលក្នុងប្រទេសរុស្ស៊ី និងការអូសទាញរុស្ស៊ីឲ្យឃ្លាតឆ្ងាយពិចិននៅក្នុងវិវាទគឺជារឿងសំខាន់បំផុត។
នៅក្នុងទស្សនកិច្ចរយៈពេល២ថ្ងៃ មូស្គូ និងតូក្យូសង្ឃឹមចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣០ សម្រាប់គ្រប់វិស័យ ពិសេសថាមពល កសិកម្ម ឧស្សាហកម្ម និងបច្ចេកវិទ្យាជាន់ខ្ពស់។
ទំនាក់ទំនងរវាងរុស្ស៊ី និងជប៉ុនត្រូវបានរារាំងដោយកោះចំនួន ៤ នៅទីប្រជុំកោះគូរីលដែលបានធ្លាក់ក្រោមការកាន់កាប់របស់សហភាពសូវៀតនៅក្រោយសង្រ្គាមលោកលើកទី២ តែជប៉ុនបានបន្តទាមទារជារបស់ខ្លួនមកដល់សព្វថ្ងៃ។ គឺជម្លោះដែនដីមួយនេះហើយដែលបានធ្វើឲ្យប្រទេសទាំងពីរមិនអាចចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពរវាងគ្នា។ ស្ថានការណ៍រឹតតែតានតឹងខ្លាំងនារយៈពេលប៉ុន្មានខែកន្លងទៅ នៅពេលដែលរុស្ស៊ីបានពង្រឹងមូលដ្ឋានយោធានៅលើកោះចំនួន ២ ក្នុងកោះមានជម្លោះទាំង ៤ ព្រមទាំងដាក់ពង្រាយប្រព័ន្ធការពារនៅក្បែរនោះផង។
លោកប្រធានាធិបតីរុស្ស៊ីពូទីន និងលោកនាយករដ្ឋមន្រ្តីជប៉ុនអាបេធ្លាប់បានទទួលស្គាល់ដូចគ្នាថា អវត្តមានសន្ធិសញ្ញាសន្តិភាពជាឆ្អឹងទទឹង ក ក្នុងការផ្តល់សន្ទុះទំនាក់ទំនង និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងរុស្ស៊ី និងជប៉ុនឲ្យបានច្រើនជាងនេះ។ តាំងពីទសវត្សឆ្នាំ ៥០មកម្ល៉េះដែលមូស្គូ និងតូក្យូបានផ្តើមកិច្ចចរចាដើម្បីដោះស្រាយជម្លោះរុំារ៉ៃមួយនេះ តែនៅមិនទាន់អាចនិយាយចុះសម្រុងគ្នា។ រុស្ស៊ីធ្លាប់បានបញ្ជាក់ថា ខ្លួនត្រៀមចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន តែជប៉ុនថា ខ្លួនក៏ត្រៀមខ្លួនរួចដែរ តែត្រូវមានលក្ខខណ្ឌមួយ។ លក្ខខណ្ឌនោះ គឺត្រូវដោះស្រាយជម្លោះទីប្រជុំកោះគូរីលឲ្យដាច់ស្រេចជាមុនសិន៕