![]() |
MENU
|
រាជធានីភ្នំពេញ៖ ស្ត្រីមានកូន២ម្នាក់ត្រូវបានបុរសជាប្ដីនាំខ្លួន ជាមួយសហាយទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាពខណ្ឌ៧មករា ឲ្យជួយដោះស្រាយតាមច្បាប់បន្ទាប់ពីបុរសជាប្ដីបានតាមទាន់ប្រពន្ធនិងសហាយដេករួមរ័កក្នុងផ្ទះជាមួយគ្នាគ្រាដែលខ្លួនបានទៅចូលរួមមង្គលការបងប្អូននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រភពព័ត៌មានពីបុរសជាប្ដីឈ្មោះចាន់ ផល្លី អាយុ៣៧ឆ្នាំ មុខរបរជាងអគ្គិសនី មានទីលំនៅផ្ទះលេខ១E0 ផ្លូវឌឿងហែម(១២៨) សង្កាត់មិត្តភាព ខណ្ឌ៧មករា បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ រូបគាត់បានប្រាប់ប្រពន្ធឈ្មោះ ជា សុខុម អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅជាមួយគ្នាថា ទៅហូបការបងប្អូននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយធ្វើដំណើរទៅជាមួយមិត្តភក្តិជាច្រើន។ ក្រោយពេលហូបការរួចគាត់មានភាពស្រវឹងខ្លាំងក៏ទូរស័ព្ធប្រាប់ប្រពន្ធថា យប់នេះបងមិនបានទៅផ្ទះទេ។ ប៉ុន្តែរហូតដល់១២យប់ថ្ងៃដដែលដោយសារមានមិត្តភក្ដិជាច្រើនទៅចូលរួមមង្គលការនេះបានវិលត្រឡប់មកភ្នំពេញវិញហើយបានបបួលគាត់ឲ្យជិះម៉ូតូជាមួយហើយពេលមកដល់សង្កាត់បឹងកេងកង៣ ខណ្ឌចំការមនមិត្តទាំងអស់មិនទាន់ចូលផ្ទះនៅឡើយទេក៏នាំគ្នាចូលហាងផឹកបន្តទៀតរហូតដល់ម៉ោង២យប់ទើបបែកផ្លូវគ្នាមកផ្ទះរៀងខ្លួន។
បុរសជាប្ដីបានឲ្យដឹងទៀតថាគ្រាដែលរូបគាត់បានមកដល់ផ្ទះគោះទ្វារឲ្យប្រពន្ធបើកប៉ុន្តែចំឡែកមានរយៈពេលជិត២០នាទីទើបប្រពន្ធបើកទ្វារឲ្យទាំងទឹកមុខស្លេកស្លាំងជាហេតុធ្វើឲ្យរូបគាត់មានការសង្ស័យក៏បើកភ្លើងបំភ្លឺពេញផ្ទះហើយស្រាប់តែឃើញបុរសជាសហាយឈ្មោះគង់ គន្ធា អាយុ២៩ឆ្នាំជាបុគ្គលិកស្ថានីយទូរទស្សន៍មួយ មានទីលំនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមនកំពុងស្លៀកកន្សែងរបស់គាត់អត់ពាក់អាវពួនសម្ងំក្រោមគ្រែក្បែរទូទើបគាត់ឆោឡោផ្អើលដល់អ្នកជិតខាងចេញមកជួយចាប់សហាយរូបនេះនិងបានប្ដឹងទៅនគរបាលប៉ុស្តិ៍មិត្តភាពឲ្យមកយកជនសង្ស័យរូបនេះទៅដោះស្រាយនៅប៉ុស្តិ៍ជាបន្ទាន់។
បុរសជាប្ដីបានរៀបរាប់ទាំងហួសចិត្តថា រវាងរូបគាត់និងប្រពន្ធបានរៀបការពេញច្បាប់រយៈពេលជាង១០ឆ្នាំមកហើយដែលមកដល់ពេលនេះបានចំណងដៃកូនប្រុសស្រី២នាក់ទៀតផង ហើយមិនគួរណាប្រពន្ធហ៊ានផិតក្បត់នាំសហាយមកដេកដល់ក្នុងផ្ទះដូច្នេះឡើយ។ អ្វីដែលគួរឲ្យហួសចិត្តទៀតនោះរាលសកម្មភាពផិតក្បត់នេះទំនងមិនមែនកើតឡើងតែម្តងនេះទេ គឺច្រើនលើកណាស់មកហើយខណៈដែលគាត់ចេញទៅធ្វើការបាត់ ហើយប្រពន្ធនាំសហាយមកដេកនៅផ្ទះបែបនេះ។ ក្នុងករណីផិតក្បត់នេះរូបគាត់សំណូមពរដល់សមត្ថកិច្ចឲ្យចាត់ការតាមច្បាប់ចុះនិងសុំធ្វើការលេងលះជាមួយប្រពន្ធផិតក្បត់នេះចាប់ពីថ្ងៃនេះតទៅ។
ស្ត្រីឈ្មោះជា សុខុម ដែលមានគំនិតផិតក្បត់ប្ដីបាននិយាយនៅចំពោះមុខសមត្ថកិច្ចឲ្យដឹងថា បើបានជាបើកធ្លាយរឿងនេះហើយ លោកប្ដីចង់ធ្វើដូចម្តេចក៏ធ្វើទៅ? ចំណែកបុរសសាហាយឈ្មោះគង់ គន្ធា មិននិយាយស្ដីអ្វីទាំងអស់បានត្រឹមគ្រវីក្បាលប៉ុណ្ណោះ៕