MENU
|
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៩ និង ៤៥នាទីព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦នេះ មានករណីចូលក្នុងផ្ទះពលរដ្ឋភ្ជង់ប្លន់យកទ្រព្យសម្បត្តិ ដោយជនសង្ស័យម្នាក់ប្រើប្រាស់កាំភ្លើងជ័រ តែពុំបានសម្រេចដោយមានការស្រែកឆោរឡោរឡើង បង្កអោយជនសង្ស័យរត់គេចបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងផ្ទះលេខ ៤៣៦ ផ្លូវ៣៦៩ ក្រុម១២ ភូមិព្រះពន្លារ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់ទីតាំងមានឈ្មោះ ឈឹង មារតី ភេទស្រី អាយុ៥០ឆ្នាំមុខរបរ មេផ្ទះ មានទីលំនៅចំនុចកើតហេតុខាងលើ ។
ម្ចាស់ទីតាំងដដែលបានប្រាប់អោយដឹងថា ដំបូងឡើយជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ ប្រដាប់ដោយកាំភ្លើងមួយដើម បានចូលមកក្នុងផ្ទះរបស់គាត់ រួចចាប់ចៅរបស់គាត់ហើយភ្ជង់កាំភ្លើងទៅលើចៅ រួចគំរាមមកកាន់គាត់ថា មានលុយទាំងប៉ុន្មានយកចេញមកអោយអស់មក បើពុំដូច្នោះរូបគេនឹងបាញ់សម្លាប់ចៅចោល ។ លឺដូចនោះស្ត្រីគ្រោះ បានប្រាប់ទៅកាន់ជនល្មើសថាចាំបន្តិច រួចក៏រត់ចេញមកក្រៅ ស្រែកហៅអោយឆោរឡោរឡើថា មានចោរប្លន់ បង្កអោយអ្នកស្រុកក្បែរនាំនាំគ្នាមកឡោមព័ទ្ធផ្ទះខាងលើដើម្បីចាប់ចោរ ប៉ុន្តែភ្លាមៗនោះបន្ទាប់ពីម្ចាស់ទីតាំងស្រែករួចមក រូបគេបានបោះចៅម្ចាស់ផ្ទះទៅលើពូក និងបោះកាំភ្លើងចោល រួចព្យាយាមរត់គេចខ្លួនដោយថ្មើរជើងបាត់ស្រមោល ។
ក្រោយកើតហេតុនគរបាលមូលដ្ឋាន រួមទាំងកម្លាំងជំនាញខណ្ឌច្បារអំពៅ ជាច្រើននាក់បានចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីសាកសួរនាំព័ត៌មានបន្ថែមពីជនរងគ្រោះ ខណះជនល្មើសរត់គេចបាត់ស្រមោល ។
សូមបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ បទល្មើសលួច ឆក់ ប្លន់ ក្មេងស្ទាវទំនើង គ្រេឿងញៀនជាដើម កើតមានសុះសាយពាសពេញផ្ទៃដីខណ្ឌ ពិសេស សង្កាត់ច្បារអំពៅ១ ច្បារអំពៅ២ និងព្រែកប្រាដើម ដែលកត្តាទាំងនេះបង្កអោយមានការភ័យខ្លាចដល់ពលរដ្ឋ និង ផ្ទុយពីគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៩ចំណុចរបស់រដ្ឋាភិបាល ៕