រាជធានីភ្នំពេញ ៖ ទីតាំងកក់ឆ្នោតខុសច្បាបដុះស្លែរមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវប៉េតុង ខាងក្រោយរោងចក្រស៊ីឡាំងហួរ ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវបានកម្លាំងនគរបាល និងអាជ្ញាធរខណ្ឌមានជ័យ រួមទាំងមានការចូលរួមពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកចែ សុង បានបើកការបង្ក្រាបជាក់ស្តែង កាលពីវេលាម៉ោង ១៤ និង ៤៥នាទីរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ នេះ ដោយធ្វើការឃាត់ខ្លួនមនុស្ស២នាក់ និងរកឃើញលុយដុល្លារ និងខ្មែរសរុប ជិត ៧ម៉ឺនដុល្លារ ។
មេឆ្នោតប្តីប្រពន្ធ២នាក់ដែលត្រូវឃាត់ខ្លូន ទី១មានឈ្មោះ ញឹម កុសល ភេទប្រុស អាយុ៤៧ឆ្នាំ ចំណែកប្រពន្ធមានឈ្មោះ សុខ មួងហេង អាយុ៤៧ឆ្នាំដូចគ្នា ។ ទាំង២នាក់ស្នាក់នៅ ទីតាំងចាប់ខ្លួន ។
លោកអនុសេនីយ៍ឯក ហួរម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ ទទួលជំនាញព្រហ្មទណ្ឌ បានប្រាប់អោយដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺកម្លាំងសមត្ថកិច្ចបានទទួលដំណឹងពីប្រជាពលរដ្ឋថា ទីតាំងខាងលើបើកលួចកត់ឆ្នោតខុសច្បាប់ ដោយច្រកក្រោមឆ្នោតខ្មែរ ដែលត្រូវបានអនុញ្ញាត្តិ ។ ដោយហេតុនេះហើយ ទើបនៅថ្ងៃខែខាងលើនេះ លោកអធិការរង បានបញ្ជារអោយកូនចៅ បន្លំខ្លួនចូលមកចាក់ឆ្នោត ហើយលទ្ធិផលឃើញថា ទីតាំងនេះពិតជាមានទទួលកត់ឆ្នោតខុសច្បាប់ប្រាកដមែន ទើបនៅវេលាម៉ោង ១៤ និង ៤៥នាទីថ្ងៃខែដដែលនេះ ដោយមានការចូលរួមពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ច រួមមានអាជ្ញាធរខណ្ឌ បានចុះមកធ្វើការបង្ក្រាបតែម្តងទៅ ។
សូមបញ្ជាក់ថា ក្នុងការចុះបង្ក្រាបនេះ ដំបូងឡើយនៅពេលដែលសមត្ថកិច្ចមកដល់ ម្ចាស់ទីតាំង បានស្រវាទាញទ្វាផ្ទះចាក់សោរពីខាងក្នុងពុំអោយសមត្ថកិច្ចមូលឡើយ ។ លុះបានជាង ២០ក្រោយមក សមត្ថកិច្ចបានសម្រេចចិត្តយកម៉ូទ័រត្រៀមកាត់សោរចូលទៅទើបម្ចាស់ទីតាំងព្រមបើកទ្វារអោយចូល ។
ក្នុងការបង្ក្រាបនេះដែរ សមត្ថកិច្ចបានរកឃើញមាន ចុងសន្លឹកឆ្នោតដែលចាក់សល់រាប់រយសន្លឹក ប៊ិចជាច្រើនដើម ម៉ាស៊ិន Fax សម្រាប់ព្រីនសន្លឹកឆ្នោត ១គ្រឿង កាស្យូ១៥គ្រឿង ក្នុងនោះដែរ រកឃើញលុយដុល្លារជិត ៧ម៉ឺនដុល្លារអាមេរិច និងលុយខ្មែរជាង ១០លានរៀលផងដែរ ។
យ៉ាងណាមិញ បច្ចុប្បន្នមេឆ្នោតទាំង ២នាក់ប្តីប្រពន្ធ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នបញ្ចូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពុន រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធី នៃច្បាប់នៅពេលក្រោយ ៕ លីហេង