![]() |
MENU
|

រាជធានីភ្នំពេញ ៖ មុខសញ្ញាចែកចាយគ្រឿងញៀនប្រុសស្រីចំនួន ៧នាក់ រួមជាមួយថ្នាំញៀន ១៧កញ្ចប់តូចធំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ត្រីប៉ាន់ សុភាព នាយការិយាល័យ សហការជាមួយកម្លាំងអាវុធហត្ថចំនួន ២ខណ្ឌ គឺខណ្ឌដង្កោរ និងខណ្ឌមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបបានជាក់ស្តែងនៅចំណុច ផ្ទះគ្មានលេខក្នុងសំណង់អាធិបតេយ្យ ខាងក្រោយនឹងរោងចក្រតាក់ហ្វាត ស្ថិតតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១៥ និង ៣០នាទីរសៀលថ្ងៃទី ១៣ ខែកុម្ភះ ឆ្នាំ២០១៦ ។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើង ដោយមានការសម្របសម្រួល និងឯកភាពពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ ។ហើយជាលទ្ធិផលចំពោះមុខ សមត្ថកិច្ចអាវុធហត្ថ បានធ្វើការដកហូត ម៉ូតូ០១គ្រឿងម៉ាក សង់ឌ្រ៊ីម C125 ស៊េរីឆ្នាំ ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1A.4575 ម្សៅក្រាមពណ៍សថ្លាទាំងតូចទាំងធំចំនួន១៧កញ្ចប់ ជញ្ចីងថ្លឹងថ្នាំ១គ្រឿង ដែកកេស១០ដើម និងវត្ថុតាង ក៏ដូចជាឧបករណ៍ប្រើប្រាស់មួយចំនួនធំផងដែរ និងឃាត់ខ្លួនជនសង្ស័យ៧នាក់ ( ស្រីម្នាក់ ) ។
ក្រោយការឃាត់ខ្លួនជនសង្ស័យ ក៏ដូចជាវត្ថុតាង ត្រូវបានញ្ចូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរនាំបន្ថែម និងត្រៀមកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធី នៃច្បាប់ ។
លោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់អោយដឹងថា មុនឈានដល់ការចុះមកបំបែកក្រុមចែកចាយគ្រឿងញៀនដ៏ធំ និងសកម្មខាងលើនេះ គឺកម្លាំងជំនាញអាវុធហត្ថយើង បានបង្ក្រាបមុខសញ្ញាគ្រឿងញៀនម្នាក់នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោរ ។ ក្រោយការឃាត់ខ្លួនរួចមក សមត្ថកិច្ចអាវុធហត្ថបានប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងការសាកសួរ រហូត ជនសង្ស័យឆ្លើយសារភាពប្រាប់ពីទីតាំងលាក់ខ្លួន របស់មុខសញ្ញាចែកចាយគ្រឿងញៀនធំខាងលើ ទើបនៅវេលារសៀលទី ១៣ នេះ កម្លាំងការិយាល័យជំនាញគ្រឿងញៀន សហការជាមួយកម្លាំងអាវុធ២ខណ្ឌ គឺខណ្ឌមានជ័យ និងដង្កោរ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបជាក់ស្តែងតែម្តងទៅនៅចំណុច សំណង់អាធិបតេយ្យ តាមបណ្តោយផ្លូវ ៦០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យខាង ដោយធ្វើការឃាត់ខ្លួន មុខសញ្ញាចែកចាយទ្រង់ទ្រាយធំ ៧នាក់ ផងដែរ ៕


