រាជធានីភ្នំពេញ៖ គណបក្សយុវជនកម្ពុជានៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៦បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាគណបក្សនេះនឹងដឹកនាំមហាបាតុកម្មប្រឆាំងការឈ្លានពានទឹកដីពីភាគីវៀតណាម។គណបក្សបានអំពាវនាវដល់កម្មករ.គ្រូបង្រៀន យុវជននិងសាធារណជនចូលរួមបាតុកម្មដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១០តុលាខាងមុខនេះ។
គណបក្សយុវជនកម្ពុជាបានលើកឡើងថាគណបក្សសូមអំពាវនាវថាមហាបាតុកម្មនេះនឹងធ្វើឡើងនៅខាងមុខស្ថានទូតវៀតណាមនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី១០ខែតុលាឆ្នាំ២០១៦ខាងមុខនេះ។បាតុកម្មក៍ធ្វើឡើងនៅខាងមុខស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជាផងដែរ។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថាប្រទេសវៀតណាមបានរំលោភបំពាន់ទឹកដីកម្ពុជាភាគខាងកើតនៃប្រទេសកម្ពុជាដោយមិនគោរពអធិបតេយ្យភាពនៃប្រទេសកម្ពុជានិងមិនញញើតច្បាប់អន្តរជាតិ។
គណបក្សយុវជនបានលើកឡើងទៀតថាការដឹកនាំមហាបាតុកម្មនេះនៅពេលដែលរដ្ឋាភិបាលប្រទេសវៀតណាមមិនឆ្លើយតបនឹងលិខិតរបស់គណបក្សយុវជនកម្ពុជាដែលបានដាក់ជូនស្ថានទូវៀតណាមប្រចាំនៅប្រទេសកម្ពុជាកាលពីថ្ងៃ២៩ខែសីហាកន្លងទៅនេះដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមប្រកាសជំហររបស់ខ្លួនបញឈប់រាលសកម្មភាពឈ្លានពានមកលើកទឹកដីកម្ពុជា៕