ប្រទេសថៃ÷ ឈើគ្រញូងចំនួនពីរគល់ធំៗនិងរថយន្តទីកូមួយគ្រឿងត្រូវបានកម្លាំងយោធាថៃសហការជាមួយក្រុមតម្រួតថៃ ធ្វើការស្ទាក់ចាប់ទាំងកណ្តាលយប់ខណៈដែលរថយន្តនេះកំពុងធ្វើសកម្មភាពដឹកឈើគ្រញូងវិលត្រឡប់មកទឹកដីកម្ពុជាវិញ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចថៃបានអោយដឹងថា នៅយប់ថ្ងៃទី២១ខែសីហាឆ្នាំ២០១៦ វេលាម៉ោង ៧ យប់កម្លាំងយោធាថៃបានសហការជាមួយនឹងក្រុមតម្រួតថៃ បានធ្វើការស្ទាក់ចាប់រថយន្តខ្មែរ១គ្រឿងម៉ាកទីកូពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ. ២D- ៥៩ ៣៤ ដែលបើកបរដោយជនជាតិខ្មែររស់នៅក្នុងខេត្តឧត្តរមានជ័យរបាយការណ៍បានបន្តថា កិច្ចប្រតិបត្តិការនេះគឺសមត្ថកិច្ចថៃបានធ្វើការដកហូតនូវឈើ គ្រញូងប្រភេទក្រាក់ចំនួនពីរដុំធំៗដែលអ្នកបើកបរលាក់ទុកនៅក្នុងឃ្លុបខាងក្រោយដោយគេបានចូលទៅក្នុងប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ដើម្បីដឹកឈើគ្រញូងនេះចេញមកកម្ពុជាវិញហើយក៏ត្រូវកំលាំងស្ទាក់ចាប់តែម្តង ។
ក្រោយពីបានបញ្ជូនខ្លួនទៅអង្គភាពយោធាដើម្បីធ្វើការសាកសួររកមេឈ្មួញរួចមកទើបដឹងថាថៅកែធំដែលនៅពីក្រោយខ្នងក្នុងការរកស៊ីឈើគ្រញូងពីថៃមកកម្ពុជាគឺជាស្ត្រីឈ្មោះ ស្រីអូន (ជនជាតិខ្មែរ)ដោយគេជាអ្នកស៊ីឈ្នួលក្នុងការចូលទៅដឹកឈើតែប៉ុណ្ណោះ ហើយនេះគឺជាលើកទី ៤ ហើយដែលគេបានឆ្លងដែនចូលទៅក្នុងទឹកដីថៃដើម្បីប្រកបមុខរបរនេះ តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានកំលាំងជំនាញបំពេញឯកសារពាក់ព័ន្ធដើម្បីបញ្ជូនខ្លួនទៅកាន់តុលាក្នុងការចាត់វិធានការតាមផ្លូវច្បាប់។