រាជធានីភ្នំពេញ ៖ អគ្គីភ័យមួយបានឆាប់ឆេះតូបលក់បន្លែផ្លែឈើបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យមកបាញ់អន្តរាគមន៍ ដែលសង្ស័យបណ្តាលមកពីទុស្សេចរន្តអគ្គីសនីទូថ្លាសសេផ្លែឈើ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៣៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅផ្សារបន្លែផ្សារសុវណ្ណា ខាងក្រោយផ្សារទំនើបសុវណ្ណា ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅខាងមុខផ្សារបានឱ្យដឹងថា នៅមុនបែលកើតហេតុរូបគាត់បានអង្គុយយាមដូចសព្វដង ដោយអស់កម្លាំងពេកក៏សម្រាកលក់មួយភាំង ហើយពេលនោះស្រាប់តែមានក្លិនឈ្ងៀម ក៏ស្រាប់តែមានអគ្គីភ័យឆាប់ឆេះឡើងបាត់ទៅហើយ បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនៅក្បែរនោះជួយពន្លត់ តែដោយភ្លើងមានទំហំធំពេកនោះ ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ។ ភ្លាមនោះដែររថយន្តអគ្គីភ័យជាច្រើនគ្រឿងបានមកដល់កន្លែងកើតហេតុ និងបានធ្វើការបាញ់ពន្លត់ភ្លាមៗ អស់ទឹកចំនួន៣រថយន្ត ក៏អាចគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយមិនអោយរាលដានដល់តូចដ៏ទៃទៀត ។
ក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះ សមត្ថកិច្ចសង្ស័យថាអាចបណ្តាលមកពីទុស្សេខ្សែភ្លើង ចេញពីទូថ្លាសសេផ្លែឈើ ទើបបង្កជាអគ្គីភ័យដូច្នេះ ហើយក៏មិនមាននណារម្នាក់គ្រោះថ្នាក់នោះដែរ គ្រាន់តែខូចខាតតូចចំនួន៦ សម្ភារៈ និងផ្លែឈើមួយចំនួនប៉ុណ្ណោះ ៕