រាជធានីភ្នំពេញ៖ យុវជនវ័យ២០ឆ្នាំម្នាក់ បានសម្រេចចិត្តដើរដោយថ្មើរជើងមកលោតទឹកលើស្ពានព្រះមុន្នីវង្សចាស់ តែមិនបានសម្រេចព្រោះត្រូវសមត្ថកិច្ច ចុះអន្តរាគមន៍ឃាត់ទាន់ពេលវេលា បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៤ និង ៣០នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានព្រះមុន្នីវង្សចាស់ត្រើយខាងលិច ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយព្រោះក្រោយពេលកើតហេតុ រូបគេត្រូវបានសាច់ញាតិមកទទួលយកទៅកាន់លំនៅឋានវិញភ្លាមៗ ។
សាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា ដំបូងឡើយ គេសង្គេតឃើញ យុវជនគិតខ្លីខាងលើនេះ បានដើរតែម្នាក់ឯង ពីច្បារអំពៅឡើងមកកាន់ស្ពានព្រះមុន្នីវង្សចាស់ ខណះដើរហួសពាក់កណ្តាលស្ពានបានបន្តិច រូបគេប្រុងធ្វើសកម្មភាពលោតចុះទៅក្នុងទឹកទន្លេ ប៉ុន្តែភ្លាមនោះ ត្រូវបានសមត្ថកិច្ចដែលយាមគោលដៅលើស្ពាននោះ បានឃើញ ក៏រត់ស្រវា មកទាញជនរងគ្រោះទាន់ពេលវេលា មិនបណ្តាលអោយធ្លាក់ចូលទៅក្នុងទឹកទន្លេឡើយ ។
ជុំវិញករណីនេះ មិនទាន់ដឹងថាផ្តើមចេញពីមូលហេតុអ្វីអោយពិតប្រាកដនៅឡើយទេ ដែលនាំអោយជនរងគ្រោះសម្រេចចិត្តគិតខ្លីមកលោតទឹកសម្លាប់ខ្លួនបែបនេះ ព្រោះក្រោយពេលសមត្ថកិច្ចជួយទាញមកវិញហើយនោះ រូបគេពុំបានបរិយាអ្វីទាំងអស់ក្រៅតែពីអង្គុយយំ ហើយត្រូវសាច់ញាតិមកទទួលយកទៅវិញតែម្តង ៕