MENU
|
រាជធានីភ្នំពេញ ៖ បុរសមានវ័យជាង ៤០ឆ្នាំ ដោយសារឥទ្ធិពលសូរាចូលខ្លួនខ្លាំង សុំលុយឪពុកបង្កើត និងប្រពន្ធ ទិញស្រាហូបទៀតមិនបាន កើតចិត្តខឹងបានយកសាំងចាក់ដុតសម្ភារៈក្នុងផ្ទះ បង្កជាអណ្តាតភ្លើងឆាបឆេះលំនៅឋានរបស់ខ្លួន ដែលកំពុងជួលគេស្នាក់នៅ អត់ហ្មត់គ្មានសល់ កាលពីវេលាម៉ោង ១៣ និង ០០នាទីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បុរសចិត្តខ្លាំងដែលដុតផ្ទះចោលខាងលើនេះ មានឈ្មោះ ភ័ស្ស ភេទប្រុស អាយុជាង ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប ។ បច្ចុប្បន្នលំនៅឋានខាងលើស្នាក់នៅ មានសមាជិក ៦នាក់ មានកូនប្រុស៣នាក់ ,ឪពុកបង្កើតម្នាក់ និងប្តីប្រពន្ធរបស់ខ្លួន ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានរៀបរាប់អោយដឹងថា នៅមុនពេលមានហេតុការណ៍កើតឡើង គឺដំបូងឡើយ បុរសឈ្មោះភ័ស្ស បានផឹកស្រាមកពីក្រៅស្រវឹង រួចក៏បានមកផ្ទះសុំលុយពីឪពុកបង្កើតរបស់ខ្លួន មានឈ្មោះ នូ ឈួន អាយុជាង ៦០ឆ្នាំ តែត្រូវបានឪពុកប្រាប់ថា គ្មានលុយទេ ។ ក្រោយមកក៏បានទៅ សុំពីប្រពន្ធម្តង ហើយស្ត្រីជាប្រពន្ធក៏ប្រាប់ថា អត់មានដែរ ជាហេតុធ្វើអោយបុរសជាប្តីក្រោធខឹង បង្កជាពាក្យសម្តីឈ្លោះគ្នាយ៉ាងខ្លាំងៗជាមួយប្រពន្ធ និង ឪពុក ។ លុះមិនទាន់បានប៉ុន្មាននាទីផង បុរសជាប្តី បានដេញប្រពន្ធកូន និង ឪពុកចេញពីផ្ទះ ហើយរូបខ្លួន បានយកសាំង១ដងធំ ស្មើរនឹង២លីត្រ យកមកដុតសម្ភារៈនៅក្នុងផ្ទះ បង្កអោយមានជាអណ្តាតភ្លើងឆាបឆេះសម្ភារះប្រើប្រាស់ក្នុងផ្ទះ និងរាលដាលឆាបឆេះលំនៅឋានទាំងមូលយ៉ាងសន្ធោរសន្ធៅតែម្តង ។ បន្ទាប់ពីកើតហេតុការណ៍ ប្រជាពលរដ្ឋ បានរាយការណ៍ដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានអោយចុះអន្តរាគមន៍ ផងដែរ ។ ទន្ទឹមគ្នានឹងនោះ ក្រុមជំនាញអគ្គីភ័យ រួមទាំងរថយន្តពន្លត់អគ្គីភ័យ នៃការិយាល័យបង្ការ និងពន្លត់អគ្គីភ័យក្រុងភ្នំពេញ បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការបាញ់ទឹកទប់សង្កាត់អណ្តាតភ្លើង ផងដែរ ។
ប្រភពព័ត៌មានពីអ្នកស្រុកដែលរស់នៅក្បែរលំនៅឋានខាងលើនេះ បានប្រាប់អោយដឹងថា គ្រួសារខាងលើនេះ តែងតែឈ្លោះទាស់ទែងគ្នាស្ទើររៀងរាល់ថ្ងៃ ជាពិសេសពេលដែលបុរសជាប្តីស្រវឹងខ្លាំង ។ អ្នកស្រុកបន្តថា បុរសជាប្តី មួយថ្ងៃទៅមួយថ្ងៃមិនសូវឃើញធ្វើអ្វីនោះទេ ក្រៅតែពីដើរផឹកស៊ីនៅខាងក្រៅ ហើយត្រឡប់មកឈ្លោះគ្នាជាមួយអ្នកផ្ទះ ។
សូមបញ្ជាក់ថា លំនៅឋានដែលគ្រួសារខាងលើនេះ កំពុងស្នាក់នៅ គឺជាលំនៅឋានជួលគេ ក្នុងមួយខែ ៧០ដុល្លារ ដែលមានទំហំ ៥ម៉ែត្រ គុណ ១០ម៉ត្រ សង់ឡើងពីថ្មក្រោម លើឈើប្រក់សង្ក័សី ។ លំនៅឋាននេះ ត្រូវបានម្ចាស់ដើមសុំមិនបញ្ចេញឈ្មោះ លក់ទៅអោយភាគីទី៣ដែលមានឈ្មោះ ហុល រ៉េត ភេទស្រី អាយុ៦០ឆ្នាំ ក្នុងតម្លៃ ២ម៉ឺន៥ពាន់ដុល្លារ ប៉ុន្តែអ្នកស្រីហុល រ៉េត ទើបកក់លុយទៅម្ចាស់ដើម បាន ១ម៉ឺនដុល្លារប៉ុណ្ណោះ ហើយប្រាប់ថា អោយភាគីដែលកំពុងជួល ស្នាក់នៅបណ្តោះអាសន្នសិនទៅ ប្រមាណជាកន្លះខែទៀត គាត់នឹងរើសឥវ៉ាន់មកនៅ ចាំអោយគេរើរចេញ ហើយលុយដែលនៅសេសសល់ នឹងប្រគល់បន្ថែមអោយគ្រប់នៅថ្ងៃនោះដូចគ្នា ដែរ ។ ប៉ុន្តែជាលទ្ធិផល ម្ចាស់ផ្ទះដើម មិនទាន់ទទួលលុយគ្រប់ ហើយភាគីទិញ ក៏មិនទាន់មកនៅផង ផ្ទះក៏ត្រូវឆេះហ្មត់សល់តែគ្រោងឆ្អឹងតែម្តងទៅ ។
សូមបញ្ជាក់ថា ក្នុងគ្រោះអគ្គីភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៥គ្រឿង របស់ស្នងការក្រុងចំនួន ៤គ្រឿង និង របស់អាវុធហត្ថរាជធានីភ្នំពេញ ០១គ្រឿង ដោយប្រើប្រាស់ពេលវេលា ប្រមាណ កន្លះម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ មិនបណ្តាលអោយមានការឆាបឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋដែលនៅក្បែរនោះ ។ ចំពោះទំហំ នៃការខូចខាតវិញ គឺលំនៅឋានខាងលើ ត្រូវអណ្តាតភ្លើងឆាបឆេះហ្មត់ទាំងស្រុង រួមជាមួយសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមទាំងទ្រព្យសម្បត្តិមួយចំនួន ក៏ត្រូវឆាបឆេះអស់ហ្មត់គ្មានដល់ដែរ ។
គួរបញ្ជាក់ថា ក្រោយពេលចាក់សាំងដុតផ្ទះរួច បុរសជាប្តីបានរត់គេចខ្លួនបាត់ស្រមោល ។ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ។ ដោយឡែកភាគីម្ចាស់ផ្ទះដើម ជាមួយនឹងភាគីអ្នកត្រូវទិញ នឹងត្រូវដោះស្រាយចចារគ្នា នៅសាលាសង្កាត់នៅពេលក្រោយ ដោយមិនទាន់ដឹងថា លទ្ធិផល នឹងសម្រេចយ៉ាងណាទាំងអស់ ៕