រាជធានីភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសក្នុងពិធីសន្និសីទកាសែតកាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិលើកទី៧ នឹងធ្វើនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧ ដែលចេញដំណើ និងបញ្ចប់នៅមុខព្រះបរមរាជវាំង។
អគ្គលេខារូបនេះ បានបញ្ជាក់ថាព្រឹត្តិការណ៍មាន គោលបំណងដើម្បីអបអរសាទរព្រះរាជពិធី បុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរ ។ការរត់នេះដើម្បីទីក្រុងស្អាតនិងបៃតងរត់ដើម្បីសប្បុរសធម៌ រកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងរត់ដើម្បីភ្នំពេញជាគោលដៅទេសចរណ៍ និងជួយដល់សង្គម ។
លោក វ៉ាត់ ចំរើន បានអំពាវនាវថា សូមប្រញាប់រួសរាន់ អ្នកដែលចង់ចូលរួមក្នុងព្រឹត្តិការណ៍ នេះសូមមកចុះឈ្មោះឲ្យបានប្រញាប់ប្រញាល់កុំអោយខកខាន។ គិតត្រឹមពេលនេះមានជនបរទេសប្រមាណ២០០នាក់ហើយដែលមកពី២៦ប្រទេសបានចុះឈ្មោះចូលរួម ហើយកម្ពុជាវិញក៏មានប្រមាណ៣០០នាក់ដែរ ។ លោកនឹងខំធ្វើឲ្យព្រឹត្តិការណ៍ភ្នំពេញម៉ារ៉ាតុងនេះឲ្យកាន់តែមានទំំហំធំដូច ព្រឹត្តិការណ៍ញូយ៉កម៉ារ៉ាតុង តូក្យូម៉ារ៉ាតុង ប៉ារីសម៉ារ៉ាតុង ឬ ប៉េកាំងម៉ារ៉ាតុង ដែកលើកនេះក៏ជាព្រឹត្តិការណ៍កីឡាដើម្បី គោលដៅទេសចរណ៍ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានរត់ចម្ងាយ២១គីឡូម៉ែត្រ ពាក់កណ្ដាលម៉ារ៉ាតុង រត់១០គីឡូម៉ែត្រ និងរត់កំសាន្តជាលក្ខ ណៈគ្រួសារចម្ងាយ៣គីឡូម៉ែត្រ ។ ចំពោះតម្លៃបង់សិទ្ធចូលរួមចម្ងាយ២១គីឡូម៉ែត្រសម្រាប់ជនបរទេស៤០ដុល្លារ កម្ពុជា១៥ដុល្លារ , ១០គីឡូ ម៉ែត្រជនបរទេស៣០ដុល្លារ កម្ពុជា១០ដុល្លារ និង៣គីឡូម៉ែត្រ ជនបរទេស១០ដុល្លារ និង កម្ពុជា៥ដុល្លារ ហើយ សម្រាប់ជនជាតិខ្មែរស្រាប់រត់៣គីឡូម៉ែត្រជួនកាលមិនទាំងយកលុយផងទេ ។ ដោយ បូរិន