រាជធានីភ្នំពេញ៖ ក្មេងប្រុសជាអនីតិជនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយឆែកឆេររកឃើញមានថ្នាំញៀន១១០កញ្ចប់នៅក្នុងខ្លួន នៅចំណុចប្លុក រោងចក្រឆ្នាំងក្រុមទី១០៨ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង០០នាទីរសៀល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ។
អនីតិជនខាងលើមានឈ្មោះ ស៊ុ ផានិត ភេទប្រុស អាយុ១៣ឆ្នាំ ស្នាក់នៅតាមបណ្តោយផ្លូវរទេះភ្លើងសង្កាត់បឹកកក់ទី១ ខណ្ឌទួលគោក ។ មន្ត្រីនគរបាលអោយដឹងថា កម្លាំងនគរបាលបានជិះម៉ូតូល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដូចសពដង រហូតដល់ទីតាំងខាងលើ ក៏ប្រទះឃើញក្មេងប្រុសជាជនសង្ស័យ ដោយមើលទៅគួរអោយសង្ស័យ សមត្ថកិច្ចក៏ហៅសួរនាំនិងឆែកឆេរខ្លួនស្រាប់តែប្រទះឃើញមានថ្នាំញៀននៅជាប់ខ្លួនក៏ត្រូវឃាត់ខ្លួនបញ្ចូនមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកក់២ ដើម្បីធ្វើការសាកសួរនាំបន្ត។
ក្នុងការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនក្រាមសថ្លា ហៅម៉ាទឹកកកចំនួន១១០កញ្ចប់តូច។ បច្ចុប្បន្នក្មេងប្រុសសង្ស័យនិងវត្ថុតាងត្រូវបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីបន្តនីតិវិធី ៕