MENU
|
រាជធានីភ្នំពេញ៖ ស្របពេលដែលអាជីពចម្រៀងលោកជុំ លីណូ ចាប់ផ្ដើមស្ទុះឡើងវិញជាថ្មីនោះថ្មីៗនេះស្រាប់តែផ្ទុះដំណឹងថា ប្អូនស្រីរបស់លោកឈ្មោះកុមារី ទូច សុម៉ានិតា ដែលបច្ចុប្បន្នវ័យ១២ឆ្នាំ ត្រូវឪពុកចុងឈ្មោះភុំ មុនីរ័ត្ន អតីតព្រះសង្ឃនឹងជាអតីតប្រធានអង្គការក្ដីសង្ឃឹមបានប្រើហិង្សាជាំសាច់ស្ទើរពេញខ្លួន។ប៉ុន្តែរឿងក្ដីនោះបានអូសបន្លាយពេលជាងមួយឆ្នាំមកហើយដែលកុមារីនៅតែមិនទាន់ទទួលបានយុត្តិធម៌។
លោកជុំ លីណូ បានថ្លែងឲ្យដឹងថា រឿងឪពុកចុងវ៉ៃធ្វើបាបប្អូនស្រីរបស់លោកបានកើតឡើងជាង១ឆ្នាំមកហើយ ហើយលោកមិននឹកស្មានថា បញ្ហានេះបានកើតនៅក្នុងក្រុមគ្រួសារសាច់ញាតិរបស់លោកទេ។ដូច្នេះលោកមាន តែសំណូមពរឲ្យប្រព័ន្ធតុលាការពន្លឺនការជំនំជម្រះក្ដីដើម្បីឲ្យប្អូនស្រីរបស់លោកទទួលបានពន្លឺយុត្តិធម៌។
ពាក់ព័ន្ធនឹងរឿងនេះលោកវេជ្ជបណ្ឌិតមាស ឡេង ដែលជាពូបង្កើតរបស់ជុំ លីណូ និងជាឪពុកបង្កើតកុមារី រងគ្រោះបានថ្លែង ឲ្យដឹងថា លោកពិតជាមានការឈឺចាប់ខ្លាំងណាស់គឺក្រៅពីដណ្ដើមប្រពន្ធដែល លោកធ្លាប់អោបនឹងដើមទ្រូងទៅ ហើយនោះអតីតព្រះសង្ឃព្រះមហាភុំ មុនីរ័ត្ន ថែមទាំងវ៉ៃធ្វើទារុណកម្មកូន ស្រីដែលលោកស្រលាញ់ស្មើនឹងកែវភ្នែក ទៀតគឺលោកពិបាកនឹងទទួលយកបំផុតហើយបុរសក្នុងលោកក៏ប្រហែលជាឈឺចាប់ដូចលោកដែរប្រសិនបើជួបបញ្ហាបែបនេះនៅក្នុងគ្រួសារ។
លោកវេជ្ជបណ្ឌិតបានថ្លែងឲ្យដឹងថា លោកបានរៀបការជាមួយអ្នកនាងពេជ្រ ចិន្តា ដែលបច្ចុប្បន្នវ័យ៣៧ឆ្នាំ កាលពីអំឡុងឆ្នាំ២០០០ ដែលមានសុភមង្គលល្អុកល្អិននិងគ្នារហូតទទួលបានចំណងដៃកូន៣នាក់ ប្រុស១ស្រី២។លុះនៅឆ្នាំ២០១៤ ជីវិតគ្រួសាររបស់លោកក៏ចាប់ផ្ដើមមានបញ្ហារកាំរកូសជាបន្តបន្ទាប់ ខណៈដែលអតីតភរិយារបស់លោកចង់នាំកូនប្រុសស្រីទៅរស់នៅប្រទេសអូស្ត្រាលី ហើយដោយសារតែចង់បំពេញបំណងភរិយាលោកក៏ស្របតាមចិត្តអតីតភរិយា បើទោះបីចិត្តរបស់លោកមិនចង់ក្ដី។ប៉ុន្តែអ្វីដែលជាការពិតនោះការចង់ចេញទៅរស់នៅអូស្ត្រាលីគ្រាន់តែជាលេសរបស់អតីតភរិយារបស់លោកតែប៉ុណ្ណោះ។ពោលគឺអតីតភរិយារបស់លោកបានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយព្រះសង្ឃព្រះមហាភុំ មុនីរ័ត្ន ដែលបានទាក់ទងគ្នា តាមបណ្ដាញសង្គមហ្វេសប៊ុក ហើយបន្ទាប់មកលោកក៏សម្រេចចិត្តលែងលះតាមប្រព័ន្ធតុលាការនៅអំឡុងឆ្នាំ២០១៤ ដែលត្រូវបែងចែកឲ្យកូនស្រី២នាក់ទៅឲ្យខាងអតីតភរិយាគ្រប់គ្រងហើយលោកទទួលបានសិទ្ធិគ្រប់គ្រងចិញ្ចឹមកូនប្រុសច្បង។
លោកថា ក្រោយពេលលែងលះមិនបានប៉ុន្មានផងអតីតភរិយារបស់លោកក៏បានរៀបការប្ដីថ្មីជាមួយអតីតព្រះ សង្ឃព្រះមហាភុំ មុនីរ័ត្ន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥។
មុននេះបន្តិចមានការទម្លាយយ៉ាងគគ្រឹកគគ្រេងនៅលើបណ្ដាញព័ត៌មានជុំវិញរឿងរ៉ាវក្មេងស្រីម្នាក់ត្រូវឪពុកចុងជាអតីតព្រះសង្ឃប្រើអំពើហិង្សា ហើយត្រូវបានឪពុកដើមប្ដឹងយកសិទ្ធិមកគ្រប់គ្រងវិញ ហើយក៏ត្រូវស្ត្រីជាម្ដាយ និងឪពុកចុងនោះប្ដឹងពីបទជំរិត និងបង្ខាំងក្មេង។ មានការទម្លាយថាក្មេងស្រីនោះជាប្អូនស្រីតារាចម្រៀងលោក ជុំ លីណូ ដោយលោកបញ្ជាក់ថាក្រោយការប្ដឹងផ្ដល់ឪពុកដើមដែលត្រូវជាពូបង្កើតរបស់លោក ទទួលបានយុត្តិធម៌រឿងអាចយកកូនមកគ្រប់គ្រងវិញ តែបណ្ដឹងទាមទារឲ្យឪពុកចុងទទួលខុសត្រូវលើករណីហិង្សាបណ្ដាលឲ្យមានស្នាកស្នាមលើក្មួយស្រីរបស់លោក នៅមិនទាន់ដោះស្រាយនោះទេ ទើបលោកទទូចឲ្យឈប់បន្តការពន្យារពេល ដោយសារតែរឿងក្ដីនោះអូសបន្លាយយូរមកហើយ។
យ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិតបញ្ជាក់ថា បើទោះបីបច្ចុប្បន្ននេះលោកដឹងថា អតីតព្រះសង្ឃនឹងជាអតីត ប្រធានអង្គការក្ដីសង្ឃឹមហើយបច្ចុប្បន្នមានឋានៈជាឯកឧត្តមនឹងជាទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ក្ដីក៏លោកនៅតែទទួចចង់ឲ្យតុលាការផ្ដល់យុត្តិធម៌ឲ្យកូនស្រីរបស់លោកឲ្យបានឆាប់រហ័ស ខណៈដែលត្រៀមជំនំជម្រះក្ដីបន្តនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះពោលគឺលោកមិនចង់ឲ្យមាន ការអូសបន្លាយពេលទៀតទេដោយចង់ឲ្យកូនស្រីរបស់លោកទទួលបានយុត្តិធម៌និងចង់ឲ្យជនបង្កហេតុធ្វើទារុណកម្មលើកូនស្រីរបស់លោកដែលមិនទាន់គ្រប់អាយុទទួលខុសត្រូវចំពោះមុខច្បាប់ឲ្យខានតែបាន។