ខេត្តបាត់ដំបង៖ ពលករខ្មែរប្រុស ស្រីជាច្រើននាក់ដែលបានឆ្លងទៅរកការងារធ្វើដោយខុសច្បាប់តាមរយៈមេខ្យល់នោះត្រូវបានអាជ្ញាថៃចាប់បញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់រៀងរាល់ថ្ងៃ ដែលពួកគាត់បានទៅពីខេត្តនានាក្នុងប្រទេសកម្ពុជា។
តាមការបញ្ជាក់ពីសមត្ថកិច្ចដែលប្រចាំការនៅច្រកទ្វារតំបន់ភ្នំដីគីឡូ១៣ស្រុកសំពៅលូនខេត្តបាត់ដំបងបានឲ្យដឹងថាៈពួកគាត់ជាពលករខ្មែរចំណាកស្រុកចូលទៅរកការងារធ្វើនៅស្រុកថៃ បានឆ្លងទៅប្រទេសគេដោយខុសច្បាប់ប៉ុន្តែមិនដឹងថាពួកគាត់ចូលទៅតាមច្រកទ្វារណាទេ ស្រាប់តែឃើញអាជ្ញាធរថៃចាប់បញ្ជូនមកវិញតាមច្រកទ្វារភ្នំដីគីឡូ១៣នេះតែម្តង ដែលពួកគាត់គ្មានឯកសារអ្វីទាំងអស់ឆ្លងចូលទៅប្រទេសគេដោយខុសច្បាប់ ទើបសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញហើយរយៈពេល០២ថ្ងៃនេះចំនួនពលករសរុប៣៥នាក់ក្នុងនោះស្រី១៤នាក់ ក្មេង៤នាក់។
តាមការឲ្យដឹងពីពលករទាំងនោះបានប្រាប់ថា ពួកគាត់បានឆ្លងចូលទៅប្រទេសថៃមិនមានឯកសារឆ្លងដែនចូលទៅប្រទេសគេទេ គឺចូលទៅតាមរយៈមេខ្យល់នាំឆ្លងចូលទៅ ដោយមេខ្យល់នោះអះអាងថាមានកន្លែងធ្វើការងារល្អរកលុយបានច្រើនថៅកែស្រួលគេធានាត្រឹមត្រូវតែពេលចូលទៅមិនដូចពាក្យមេខ្យល់និយាយទេ លុយក៏ឲ្យមេខ្យល់យកអស់ក្នុងម្នាក់ពី២ពាន់ទៅ២,៥០០បាត,មិនមានការងារធ្វើ ទើបតម្រួតថៃក៏ចាប់បញ្ជូនមកកម្ពុជាវិញ ខាតទាំងពេលវេលាទៀត។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាមិនបានហាមឃាត់ប្រជាពលរដ្ឋខ្មែរមិនឲ្យឆ្លងដែនចូលទៅរកការងារធ្វើនៅប្រទេសគេទេ តែសុំឲ្យប្រជាពលរដ្ឋខ្មែរចូលទៅដោយស្របច្បាប់ មានលិខិតស្នាមឆ្លងដែនត្រឹមត្រូវ ជៀងសវាងចូលទៅប្រទេសគេខុសច្បាប់ ត្រូវគេចាប់ខ្លួនដាក់គុកពីបទឆ្លងដែនខុសច្បាប់ ឬ ជួបប្រទះនូវបញ្ហាផ្សេងៗដូចជាការចាប់បញ្ជូនមកវិញជាដើម នាំឲ្យពួកគាត់ខាតពេលវេលានិងប្រាក់កាក់ជាដើម៕