MENU
|
ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាបនឹងបញ្ជូនជនសង្ស័យចំនួន២នាក់ទៅតុលាការខេត្ត ក្នុងករណីប្រើប្រាស់អាវុធខុសច្បាប់។នេះបើតាមលោក ហង្ស សុផាតភារម្យ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ដែលបានធ្វើសកម្មភាពបាញ់បោះសេរីនៅក្នុងក្រុងសៀមរាបត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាបឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមច្បាប់។
ករណីបាញ់បោះសេរីនៅក្នុងក្រុងសៀមរាបនេះបានកើតឡើងកាលពីវេលាម៉ោង ២៣និង៣០នាទីថ្ងៃទី១ខែមេសាឆ្នាំ២០១៧នេះដោយបានបាញ់កាំភ្លើងខ្លីចំនួនមួយគ្រាប់ស្ថិតនៅចំណុចផ្លូវជិតការាអូខេកេសរកូល ក្នុងភូមវិហ៊ារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប។
ជនសង្ស័យមានគ្នាបួននាក់ជិះម៉ូតូ០២គ្រឿងម៉ាក់ហុងដាC125ZomerXឆ្នាំ២០១៥ពណ៌ខ្មៅភ្លាមៗនោះកម្លាំងនគរបាលអន្តរាគមន៍បានដេញចាប់បានជនសង្ស័យម្នាក់ភ្លាមៗមានឈ្មោះថា ម៉ារ បុ៑នថន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកទទួលភ្ញៀវនៅសណ្ឋាគារ Le'Meraden Angkor ផ្នែកម៉ាស្សា។ បច្ចុប្បន្នរស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំក្រុងសៀមរាប ខណៈបក្សពួកបីនាក់ទៀតបានរត់គេចខ្លួនបាត់អស់ ។
លោកបន្តថា លុះពេលព្រឹកឡើងកម្លាំងនគរបាលបានស្វែងរកចាប់បានជនដៃដល់ និងបក្សពួកម្នាក់ទៀត ដែលជនដៃដល់(អ្នកបាញ់)មានឈ្មោះ មុំ ចំរុង ភេទប្រុសអាយុ២១ឆ្នាំ មុខរបរជាអ្នកគ្រប់គ្រងសណ្ឋាគារសៀមរាបថោនក្រុងសៀមរាប បច្ចុប្បន្នរស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងបក្សពួកម្នាក់ទៀត ឈ្មោះ ម៉ន សុគា អាយុ២២ឆ្នាំ បុគ្គលិកសណ្ឋាគារReeHotel រីឯម្នាក់ទៀតឈ្មោះ ម៉ន សុលាភ អាយុ១៧ឆ្នាំ រត់គេចខ្លួនបាត់កម្លាំងជំនាញនគរបាលយុត្តិធម៌កំពុងតាមស្វែងរក។
វត្តុតាងដកហូតជាក់ស្តែង រួមមានកាំភ្លើងខ្លីម៉ាកK54មួយដើមនិងសំបកគ្រាប់ចំនួន១និងគ្រាប់់ចំនួន៧គ្រាប់ទៀតដែលក្នុងនោះមាន៣គ្រាប់ដែលបានបាញ់មិនផ្ទុះ។តាមចម្លើយសារភាពជនដៃដល់ដែលបានធ្វើសកម្មភាពបណ្តាលឱ្យមានការផ្ទុះអាវុធគឺមកពីស្រវឹងមានការទាស់ទែងសម្តីគ្នារវាងក្រុមទំនើងម្ខាងទៀតមើលមុខហើយឌឺដងដាក់គ្នា ៕