ខេត្តបាត់ដំបង៖ ជនជាតិចិនម្នាក់បានដើរយាមល្បាតពេលយប់ក្នុងទីតាំងក្រុមហ៊ុន «វាង កាង» ជារោងចក្រកែច្នៃម្សៅមី ស្ថិតក្នុងភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ស្រាប់តែផ្ទាំងកញ្ចក់ធំៗជាច្រើនដែលមានទម្ងន់ជាង២តោន រំលំសង្កត់ស្លាប់ភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។
លោក ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុបុគ្គលិកក្រុមហ៊ុនបានដឹកជនរងគ្រោះមកដល់មន្ទីរពេទ្យខេត្តទើបដឹងថាស្លាប់ហើយលុះព្រឹកឡើងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ កម្លាំងនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយព្រះរាជអាជ្ញាសាលាដំបូងបានចុះពិនិត្យនិងធ្វើកោសល្យវិច្ឆ័យបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារស៊ុមកញ្ចក់ទម្ងន់ធ្ងន់ជាង២តោនធ្លាក់សង្កត់លើពិតប្រាកដមែន។
បើតាមលោកស្នងការរងជនជាតិចិនរូបនេះឈ្មោះ FAN JINXIN អាយុ៣០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនខាងលើស្រុកកំណើតរស់នៅខេត្តហ៊ួណាន ប្រទេសចិន។ បច្ចុប្បន្នសពជនរងគ្រោះតម្កល់ទុកនៅមន្ទីរពេទ្យខេត្តរង់ចាំប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅភ្នំពេញធ្វើបុណ្យតាមប្រពៃណី៕