MENU
|
ខេត្តប៉ៃលិន៖ យ៉ាងហោចណាស់ពលរដ្ឋខ្មែរ ក្មេង ចាស់ ប្រុស ស្រី ចំនួន៥៧នាក់ ត្រូវបានសមត្ថកិច្ចប្រចាំការនៅប៉ុស្ត៏នគរបាលអូរឈើក្រំ ចំណុះឲ្យកងការពារព្រំដែនវរៈ៨២១ ហាមឃាត ព្រមទាំងបញ្ជូនមកកាន់ស្នងការនគរបាលខេត្តប៉ៃលិន ដើម្បីធ្វើការអប់រំ ខណៈពួកគាត់បម្រុងឆ្លងដែនខុសច្បា់ ទៅធ្វើការនៅប្រទេសថៃ ។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បន្ទាប់ពីបញ្ជូលមកដល់ស្នងការនគរបាលខេត្តប៉ៃលិន និងដោយមានការជ្រមជ្រែងពីអាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយលោកស្រី ជា លាភ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក កើត សុធា អភិបាលខេត្តប៉ៃលិន និងលោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន រួចមកពលរដ្ឋខ្មែរ ដែលបម្រុងឆ្លងដែនខុសច្បាប់ ទៅធ្វើការប្រទេសថៃ បានយល់ដឹងអំពីបញ្ហាប្រឈមខាងផ្លូវច្បាប់ ដែលលួចឆ្លងដែនទៅធ្វើការនៅប្រទេសក្រៅនោះ ។
លោក យ៉ែម សារិទ្ធ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ គ្រាន់តែដឹងថាមានពលករបម្រុងឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃ នៅចំណុចភូមិអូរឈើក្រំ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានដាក់បញ្ជាឲ្យលោកស្រីឧត្តមសេនីយ៍ត្រី សាន់ សាវឿង ស្នងការរងទទួលបន្ទុកប្រឆាំងកាជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះទៅទទួលយកពលករខ្មែរទាំងនោះ មកកាន់ស្នងការនគរបាលខេត្ត ដើម្បីធ្វើការអប់រំ ព្រមទាំងបញ្ជូនទៅកាន់លំនៅឋានវិញ ។ លោកបានបន្តថា ជាមួយគ្នានេះដែរបញ្ហាផ្លូវច្បាប់មួយចំនួន ត្រូវបានធ្វើការផ្សព្វផ្សាយដល់ពលករខ្មែរទាំងនោះ ឲ្យបានដឹងអំពីហានីភ័យ ការប្រថុយប្រថានទៅធ្វើការនៅស្រុកគេ ដោយខុសច្បាប់មានបញ្ហាប្រឈមដូចជា បើសិនជាទាហានថៃចាប់បាន វាយកយើងទៅឃុំខ្លួន ឬធ្វើទារុណកម្ម សួនាំបញ្ហាផ្សេងៗ រួចបានបញ្ជូនមកកម្ពុជាយើងវិញ ដូច្នោះយើងត្រូវខាត់ពេលវេលាច្រើន ណាមួយក្នុងការធ្វើការងារនៅប្រទេសគេនោះ ជួនកាលពលករខ្មែរយើង ឲ្យគេហើយមិនបើកប្រាក់ក៏មាន ប្រសិនបើយើងនៅទាមទារប្រាក់ខែរពីពួកគេនោះ គេអាចប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនក៍មានដែរ ហើយបញ្ហាមួយទៀតប្រសិនពលករខ្មែរយើង ទៅតាមរយៈមេខ្យល់ ជួនកាលគេនាំយើងទៅចុះទូកនេសាទ ឆ្ងាយពីទីប្រជុំជន គឺនៅកណ្តាលទន្លេ សមុទ្រ មិនអាចទំនាក់ទំនងមកក្រុមគ្រួសារ ក៍មានដែរ ។ លោកបន្តថា ក្នុងកិច្ចដំណើរការដឹកជញ្ជូនពលករខ្មែរ ខាងលើ គឺយើងប្រើប្រាស់រថយន្តចំនួន៥គ្រឿង ហើយពលករខ្មែរភាគច្រើន មកពីខេត្តតាកែវ កំពង់ស្ពឺ ត្បួងឃ្មុំ កណ្តាល ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងពោធិសាត់ជាដើម ។
លោកស្រី ជា លាប អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូខ្ពស់ចំពោះពលករទៅធ្វើការនៅក្រៅប្រទេស ដោយរៀបចំឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រប់រាជធានី-ខេត្ត ធ្វើការចុះឈ្មោះ ដើម្បីរកការងារជូនដល់បងប្អូនគ្រប់រាជធានីខេត្តទូទាំងប្រទេសទៅធ្វើការដោយស្របច្បាប់នៅក្រៅប្រទេស។លោកស្រីក៍បានអំពាវនាវដល់បងប្អូនពលករទាំងអស់មិនត្រូវចាញ់បោកមេខ្យល់នាំទៅធ្វើការខុសច្បាប់នៅក្រៅប្រទេសទាំងប្រថុយប្រថាន ដែលនាំអោយគ្រោះថ្នាក់ដល់អាយុជីវិត ខាតបង់ប្រាក់កាស និងប្រឈមមុខជាប់ពន្ធនាគារនៅប្រទេសគេទៀតផង។
សូមបញ្ជាក់ថា ពលករខ្មែរទាំង៥៧នាក់ ខាងលើត្រូវបានអាជ្ញាធរខេត្ត ដឹកនាំដោយលោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន នាំក្បួនរថយន្តដឹកពលករទៅកាន់ស្រុកកំរៀង(ច្រកឡែម) ខេត្តបាត់ដំបង ចំនួន៤គ្រឿង ដើម្បីឲ្យពួកគាត់ធ្វើដំណើរទៅលំនៅឋានវិញ ។ចំណែកមួយគ្រឿងទៀង ត្រូវបញ្ជូនចូលមកក្នុងទីក្រុងបាត់ដំបងផងដែរ ។ជាមួយគ្នានេះដែរ ក្នុងការចុះជួបពលករខាងលើ អាជ្ញាធរខេត្ត ព្រមទាំងលោកស្នងការនគរបាលខេត្ត បានរៀបចំចំណីអាហារ និងទឹកសុទ្ធ សំរាប់ពលករខ្មែរទាំងនោះផងដែរ ៕អត្ថបទ សេង សុវណ្ណារិទ្ធ