MENU
|
ប្រទេសថៃ៖ ពលករខ្មែររាប់រយនាក់ ដែលភាគច្រើនគឺជាអ្នកចាញ់បោកមេខ្យល់ក្នុងការនាំផ្លូវដើម្បីចូលទៅរកការងារធ្វើនៅឯប្រទេសថៃ ត្រូវបានក្រុមតម្រួតថៃរួមជាមួយនិងទាហានឈុតខ្មៅ ចេញប្រតិបត្តិការបោសសំអាត ខណៈដែលពលករទាំងអស់នេះនៅសំងំលាក់ខ្លួន តាមចំការដំឡូង ចំការពោត និងចំការមៀនក្នុងទឹកដីនៃប្រទេសថៃ ។
យោងតាមរបាយការណ៍ជាផ្លូវការដែលទូរទស្សន៍របស់ថៃបានចាក់ផ្សាយគឺបានបញ្ជាក់ថា នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០១៧វេលាម៉ោង៤ល្ងាច លោកមេបញ្ជាការតម្រួតខេត្តស្រះកែវ យីងយ៉ុត ថេបចាំណង បានចុះទៅកាន់ចំណុចទីលានសាលាស្រុកវាំុងណាំរ៉ន ក្នុងខេត្តស្រះកែវ បន្ទាប់ពីកម្លាំងបានប្រមូលពលករខ្មែររាប់រយនាក់យកមកគ្រប់គ្រងនៅទីតាំងខាងលើនេះ ។របាយការណ៍បានបន្តថា កិច្ចប្រតិបត្តិការនេះគឺធ្វើឡើងដោយក្រុមតម្រួតព្រំដែន ( ឈុតខ្មៅ )រួមជាមួយនឹងទាហានព្រំដែន បានចុះទៅកាន់បរិវេណចំការមៀនមួយកន្លែងដែលជាកម្មសិទ្ធិរបស់លោក ផាណាត់ និងអ្នកស្រី ណយ ប៉ាថង ស្ថិតក្នុងភូមិ២ ឃុំវុាំងណាំយិន ស្រុកវុាំងណាំយិន ខេត្តស្រះកែវ។ ដែលនៅទីនោះមានពលករខ្មែរមកសំងំលាក់ខ្លួនដើម្បីរង់ចាំរថយន្តមកទទួលយកទៅធ្វើការនៅឯទីក្រុងបាងកកតាមការសន្យារបស់មេខ្យល់ដែលបានប្រមូលលុយពីពួកគេក្នុងម្នាក់ៗ២៥០០បាតមុនរួចជាស្រេច ។
ប្អូនប្រុសម្នាក់ឈ្មោះ វល្លិ៍ អាយុ២៥ឆ្នាំ រស់នៅខេត្តបាត់ដំបងបានលើកឡើងថាខ្លួនធ្លាប់ចូលទៅធ្វើការម្តងរួចមកហើយនៅក្នុងខេត្តឆាក់ឈើងសៅ ដោយមានការងារខាងកាន់ម៉ាស៊ីនបុកគ្រឹះហើយទទួលបានប្រាក់កម្រៃក្នុងមួយថ្ងៃ ៣០០ បាត ដោយបានឡើងទៅលេងស្រុកកាលពីអំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ។
ប្អូនប្រុសបានបន្តថាលុះពេលត្រឡប់ចូលទៅវិញគឺមេខ្យល់បានផ្តាំថា ធ្វើយ៉ាងណានៅពេលយប់ ត្រូវដើរឆ្លងអូរខ្សែបន្ទាត់ព្រំដែនអោយផុតចូលដល់ចំការដំឡូងចំការពោតឬក៏ចំការមៀន ដោយរង់ចាំនៅទីនោះដើម្បីអោយរថយន្តមកទទួលយកទៅកាន់ទីក្រុងបាងកកឬក៏ខេត្តដទៃទៀតដែលជាគោលដៅទៅធ្វើការដោយក្នុងម្នាក់ៗត្រូវប្រគល់ប្រាក់ទៅអោយគេចំនួន២ ៥០០បាតប៉ុន្តែ៣ថ្ងៃហើយមិនឃើញរថយន្តណាមួយមកទទួលយកនោះទេ រហូតដល់តម្រួតចាប់តែម្តងដែលសរុបមានចំនួន ៤៧៧ នាក់ ដោយនៅពេលនេះអ្នកខ្លះគ្មាន១បាត នៅក្នុងខ្លួនផង ។
គួរបញ្ជាក់ថា ស្របពេលជាមួយគ្នានោះដែរ នៅក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ក៏មានការឃាត់ខ្លួនពលករខ្មែរចំនួន៧២ នាក់ដែរ ដែលពួកគេកំពុងសំងំលាក់ខ្លួននៅក្នុងព្រៃដូចគ្នា
ចំណែកនៅក្នុងផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញប្រាក់ថេត ក៏មានការលាក់ពលករខ្មែរខុសច្បាប់នៅក្នុងផ្ទះថ្មមួយកន្លែងមានកំពស់ពីរជាន់ពីសំណាក់មេខ្យល់ ព្រមទាំងបានយកលុយ
ក្នុងម្នាក់ៗពី២០០០ ដល់ ២៥០០ បាត ហើយអោយរង់ចាំរថយន្តមកយកគឺពួកគេបានរង់ចាំ៣ថ្ងៃហើយ រហូតក្រុមតម្រួតលបចូលតាមទ្វារក្រោយឃាត់ខ្លួនតែម្តង ដោយសរុបមានចំនួន ៦៥ នាក់ ដោយពលករខ្មែរទាំងអស់នេះ អាជ្ញាធរថៃនឹងរៀបចំដឹកបញ្ជូនអោយវិលត្រឡប់មកកម្ពុជាវិញ ដោយតម្រូវអោយបំពេញបែបបទតាមច្បាប់អោយបានត្រឹមត្រូវមុនចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ។