រាជធានីភ្នំពេញ៖ កីឡាករ ហេង សៅឌី ក្រោយយកឈ្នះ ប៊ិន គៀសេង បានក្លាយជាស្តេចអុកអង្គរសង្ក្រាន្តឆ្នាំ២០១៧ ដោយទទួលបានប្រាក់រង្វាន់ សរុប ៣០លានរៀលហើយ ចំពោះចំណាត់ថ្នាក់លេខ២បានកីឡាករ ប៊ិន គៀសេង និងលេខ៣បានទៅកីឡាករ ឆយ វីរ៉ា ចំណែកអតីតស្តេចពីរជំនាន់ ឈាវ ប៉ូរ៉ា ត្រឹមលេខ៤។
ការប្រកួតស្វែងរកស្តេចអុកចត្រង្គប្រចាំឆ្នាំដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៧នេះបានឈានដល់ដំណាក់កាលវគ្គផ្តាច់ព្រ័ត្រហើយ ដោយរកឃើញបេក្ខជនពីររូបចុងក្រោយគឺ លោក ប៊ិន គាសេង និង លោក ហេង សៅឌីដែលត្រូវមកលេងយកម្កុដស្តេចអុកឆ្នាំ២០១៧ កាលទី១៦ ខែមេសានេះ ជាមួយការផ្សាយផ្ទាល់ពីទូរទស្សន៍BTV។ លទ្ធផលជ័យជំនះបានទៅលើ កីឡាករ ហេង សៅឌី ដែលជានិស្សិតខាងបច្ចេកទេសព័ត៌មានវិទ្យា ទទួលប្រាប់រង្វាន់ពីការប្រកួត២០លានរៀល និង ប្រាក់ឧបត្ថម្ភផ្សេងទៀតលើនេះសរុបបាន៣០លានរៀល ។
សូមបញ្ជាក់ផងដែរថា អតីតស្តេចអុកពីរជំនាន់ ឈាវ បូរ៉ាដែលជាជើងខ្លាំងគ្រប់អ្នកលេងអុកឃើញខ្លាចនោះពេលនេះបានត្រឹមជាប់លេខ៤ក្នុងចំណោមជម្រើស៨នាក់ចុងក្រោយសម្រាប់ប្រកួតរយៈពេលបីថ្ងៃនៃអង្គរសង្ក្រាន។
លោក ឈាវ បូរ៉ា លេងថ្ងៃទី១ ប៉ះជាមួយកីឡាករ រស់ រិទ្ធយ៉ា ដោយឈ្នះនាថ្ងៃទី១ហើយបន្តមកប៉ះ ឆយ វីរ៉ា ជាជើងខ្លាំងស្តេចអុកមួយរូបដែរ ប៉ុន្តែចាញ់បានលេខ៤ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សូមរំលឹកថា កីឡាករ ហេង សៅឌី បានយកឈ្នះកីឡារ កាំង ហេង និង ឈាវ បូរ៉ា ។ ចំណែក កីឡាករ ប៊ិន គាសេង បានឈ្នះ លឹម ផល្លា និង ឆយ វីរ៉ា ។ ហេង សៅឌី បានធ្លាប់បំបាក់ ឈាវ បូរ៉ា ដែលអតីតស្តេចអុកចត្រង្គពីរឆ្នាំជាប់គ្នាមិនអោយឡើងដល់វគ្គ៨ចុងក្រោយកាលឆ្នាំ២០១៦ ម្តងហើយ៕ ដោយ បូរិន