រាជធានីភ្នំពេញ៖ ឃ្លាំងលក់រថយន្តប្រភេទធុនធំមួយកន្លែងដែលមានយីហោ លី អាន ត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី ៣០ មិនា ឆ្នាំ២០១៧ នៅឃ្លាំងយីហោ លី អាន (តាស្វិត) ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ មុខហាងបញ្ចាំនិងបង់រំលោះ លី ហួរ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពពីកម្មករនៅឃ្លាំងខាងលើបានឲដឹងថា នៅមុនពេលកើតហេតុ គឺកម្មករទាំងអស់កំពុងតែដេកលង់លក់ដំណេក លុះនៅម៉ោងកើតហេតុស្រាប់តែមានអណ្តាតភ្លើងឆេះចេញរថយន្តម៉ាកហ៊ីយ៉ាន់ដាយចំណុះ៥តោន យ៉ាងសណ្ធោរសណ្ធៅបាត់ទៅហើយ ដោយពុំដឹងពីមូលហេតុនោះទេ។
ប្រភពបានបន្តថា ភ្លាមៗនោះកម្មករទាំងអស់បានរត់ទៅរកទុយោទឹកនិងបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់តែមិនរលត់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចអោយរថយន្ដពន្លត់អគ្គីភ័យជួយអន្តរាគមន៍ ក្រោយមកក៏មានរថយន្តពន្លត់អគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញចេញមកជួយបាញ់ពន្លត់ចំនួន៧គ្រឿង តែបានធ្វើកាបាញ់អស់តែ៤គ្រឿងទេក៏រលត់ទាំងស្រុងតែម្ដង ។
ក្នុងការឆាបឆេះនេះ រថយន្តចំនួន៥គ្រឿងត្រូវអណ្តាតភ្លើងឆាបឆេះរងការខូចខាត ។ ដោយឡែកចំពោះមូលហេតុនៃការឆាបឆេះ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ៕