ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគីរីបានបញ្ជាក់ថាជនជាតិវៀតណាមចំនួន៤នាក់ ត្រូវបានមន្រ្តីឧទ្យានុរក្សដែន ជម្រកសត្វព្រៃស្រែពក ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៥០នាទី ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ពីបទកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ ការពារធម្មជាតិ ស្ថិតក្នុងភូមិកោះម្យើល ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
វត្ថុតាងល្មើសដែលត្រូវសមត្ថកិច្ចបរិស្ថានដកហូតរួមមាន រណារយន្ត ៣គ្រឿង ម៉ូតូ៤គ្រឿង និងឈើប្រភេទលេខ១(សុក្រំនិងផ្ចឹក)ចំនួន ២០ដើមត្រូវបានកាប់រំលំ។ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចជំនាញបរិស្ថានបានយកវត្ថុតាងម៉ូតូ៤គ្រឿង ទៅរកទុកនៅស្នាក់ការនៃដែនជម្រកសត្វព្រៃស្រែពក រីឯរណារយន្ត ៣គ្រឿងរក្សាទុកនៅមន្ទីរបរិស្ថាន។ចំណែកសង្ស័យជាជនជាតិវៀតណាម ទាំង៤នាក់ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។
ជនល្មើសទាំងនេះត្រូវបានគេប្រទះឃើញចូលមកអារឈើក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វដោយមិនខ្លាចច្បាប់កម្ពុជាសោះ។កាលពីពេលថ្មីៗនេះជនជាតិវៀតណាម៥នាក់និងរណាយន្តមួយចំនួនត្រូវបានចាប់និងដកហូតខណៈពួកជនទាំងនោះចូលមកអារឈើក្នុងទឹកដីខេត្តមណ្ឌលគីរីនេះដែរ៕