ខេត្តបាត់ដំបង៖ យុវជន៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងទៅតុលាការ បន្ទាប់ពីកែឆ្នៃផាវខ្នាតធំមានឥទ្ធិពលប្រហាក់ប្រហែលនិងគ្រាប់បែក។លោកឈឿង គឹមសុង ប្រធានក្រុមបង្កាបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា បន្ទាប់ពីក្រុមយុវជនបានកែឆ្នៃផាវបំផ្ទុះទ្រង់ទ្រាយបែបគ្រាប់បែកដៃហើយបានបោកចំនួនមួយគ្រាប់ដើម្បីសាកល្បងសមត្ថភាព។ឥទ្ធិពលរបស់គ្រាប់បែកនេះបានបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទើបឈានដល់ការស្រាវជ្រាវឃាត់ខ្លួនជនបង្កតែម្តងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។
យោងតាមចម្លើយសារភាពរបស់ក្រុមយុវជនបានអោយដឹងថា គោលបំណងដែលពួកខ្លួន កែឆ្នៃ ផាវគ្រាប់បែកនេះត្រៀមទុកដើម្បីគំរាមឬដាក់សំពាតទៅលើគូជម្លោះរបស់ខ្លួនពេលមានបញ្ហាជាមួយគ្នា ។
ក្រុមយុវជនទាំង៥នាក់ឈ្មោះសំ ចាន់រ៉ុងហៅញ៉ាញ់ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ឈ្មោះ អុន នេត ភេទប្រុស១៨ឆ្នាំ របរកម្មករ ឈ្មោះលៀប ផានុន ភេទប្រុស អាយុ១៣ ជាសិស្ស និងជា អ្នកផ្តើមគំនិតបច្ចេកទេសផលិត ឈ្មោះអ៊ន សុភាព ហៅពៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករនិងឈ្មោះមេត ភារះ ភេទប្រុស១៦ឆ្នាំ របរសិស្សរស់នៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។