MENU
|
រាជធានីភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៧នាក់ រួមទាំងសារធាតុញៀនប្រភេទម្សៅក្រាមសថ្លាចំនួន១០៥កញ្ចប់តូចធំ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌ បានដឹកនាំកម្លាំង ឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន ៣ទីតាំងផ្សេងៗគ្នា។ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ផ្ទះលើទឹក ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ប្រុសស្រីទាំង៧នាក់ រួមមាន ទី១-ឈ្មោះ ហុង ឆេងពៅ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ទី២-ឈ្មោះ ង្វៀង គុងយិន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ជាងធ្វើកង្ហារ មានទីលំនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ទី៣-ឈ្មោះ អៀង អីុលូ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ទី៤-ឈ្មោះ កែវ ស្រីពៅ ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ កាត់ដេរ មានទីលំនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។ទី៥-ឈ្មោះ អែល រតនា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។ ទី៦-ឈ្មោះ ង្វៀង យុាំង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ទិញអេតចាយ មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែព្នៅ។ និងទី៧-ឈ្មោះ ឡា ហុងយុាំង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ចំណែកវត្ថុតាងដកហូតរួមមានម្សៅក្រាមពណ៌សថ្លា ចំនួន ១០៥កញ្ចប់ ក្នុងនោះ ៩៧កញ្ចប់តូច ៨កញ្ចប់ធំ ម៉ូតូ មួយគ្រឿង ម៉ាក សង់កូរ៉េ សេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ ទ ០៥៥១ ភព១។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ដោយសារតែមានការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាអោយកម្លាំងសមត្ថកិច្ចទាំង ១២ខណ្ឌ ធ្វើការបង្ក្រាបអោយខានតែបាននៅបទល្មើសដូច ឆក់ ប្លន់ លួច ចោរគាស់ផ្ទះ ល្បែងសុីសងគ្រប់ប្រភេទ និងគ្រឿងញៀន។ ដូច្នេះក្រោយពីបានទទួលបទបញ្ជានេះរួចមក លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌ បានដឹកនាំកម្លាំងសមត្ថកិច្ច ឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនទាំង ៣ទីតាំងនេះ ដោយបង្ក្រាបបានជនសង្ស័យទាំង ៧នាក់ និងបានដកហូតវត្ថុតាងប្រភេទក្រាមសថ្លាចំនួន ១០៥កញ្ចប់តូចធំ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បី កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់៕