ខេត្តពោធិសាត់៖ យ៉ាងហោចណាស់មានមនុស្សក្មេងចាស់ប្រុសស្រី ៤នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្ករដោយរថយន្ត Highlander បើកធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន ទៅបុកជាមួយរថយន្ត Luxis RX300 ពេញមួយទំហឹងលាន់លឺដូចរន្ទះ កាលពីវេលាម៉ោង ១១ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤ និង១៤៥ ស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងមុននេះថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ករដោយរថយន្តម៉ាក Highlander ព័ណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6488 បើកបរដោយឈ្មោះ វ៉ាន់ សុខន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការខ្នុរ ឃុំខ្នុរ ស្រុកសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ បើកបរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុក ជាមួយរថយន្តម៉ាក Luxis RX300 ព័ណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-3857 ពេញមួយទំហឹងលាន់លឺដូចរន្ទះ ធ្វើដំណើរពីកើតទៅលិច ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បើកបរដោយឈ្មោះ អៀង ប៊ុនរ៉េត ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកអធិការបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលគួរឲ្យរន្ធត់នេះ បណ្តាលមនុស្សចំនួន៤នាក់ ម្នាក់រងរបួសស្រាល និង៣នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរ ។
បច្ចុប្បន្នរថយន្តទាំងពីរត្រូវបានស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកក្រគរ រងចាំដោះស្រាយគ្នានៅពេលក្រោយ ដោយឡែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ៕