រាជធានីភ្នំពេញ : គិតមកត្រឹមរសៀលម៉ោង ១៤ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សពជនរងគ្រោះសរុបទាំងអស់៤នាក់ ដែលបានបាត់ខ្លួន ក្នុងឧប្បត្តិហេតុលិចទូកទឹកអ្នកទេសចរណ៍នោះ ត្រូវបានរកឃើញអស់ហើយ ។
សូមបញ្ជាក់ថា ៣នាក់ ក្នុងចំណោមសពទាំ៤ គឺត្រូវជាម្តាយក្មេង ប្រពន្ធ និងកូនប្រុសបង្កើតរបស់ នាយការិយាល័យសុខាភិបាលខេត្តកំពតលោក សាន យ៉េត ។ សពទាំង៤នាក់ បច្ចុប្បន្នត្រូវប្រគល់ជូនក្រុមគ្រួសារសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី ។
គួររំលឹកថា កាលពីវេលាម៉ោង ៩យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ មានឧប្បត្តិហេតុលិចទូកដឹកអ្នកទេសចរណ៍មួយគ្រេឿង នៅចំណុចស្ពានព្រែកកំពង់បាយ ស្ថិតនៅក្នុងក្រុងកំពត ខេត្តកំពត ។ ឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតអោយដឹងថា ទូកទេសចរណ៍ខាងលើដឹកអ្នកដំណើរជាង ៧០នាក់មានភ្ញៀវជាតិ និងអន្តរជាតិ ទៅមើលថ្ងៃលិច និងអំពិលអំពែកនៅពេលយប់ ខណះមកវិញ បើកឆ្លងកាត់ស្ពានព្រែកកំពត ទៅកល់ជាមួយនឹងខ្សាច់ច្រាំងក្រោមស្ពាន បណ្តាលអោយក្រឡាប់ លិចតែម្តងទៅ ។
នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងព្យាយាមស្រង់ទូកមកលើគោក ដើម្បីបន្តធ្វើកោសល្យវិច្ច័យបន្ថែម រកមូលហេតុ នៃគ្រោះថ្នាក់មួយនេះ ៕