ខេត្តបាត់ដំបង៖ រថយន្តម៉ាក TOYOTA TACOMA ១គ្រឿងបើកក្នុងល្បឿនយ៉ាងលឿន បានជ្រុលមកបុកក្មេងសិស្សសាលាម្នាក់ ដែលកំពុងឈរលើចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ នៅនឹងកន្លែង។ ករណីគ្រោះថ្នាក់ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចក្រុមទី៤ ក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ក ម៉ាកTOYOTA TACOMA ពណ៌កណ្តុរប្រមិះ ពាក់ស្លាកលេខ កំពង់ស្ពឺ2A-0439 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបរងោកមួយភាំង ក៏រ៉េចង្កូតទៅបុកក្មេងរងគ្រោះ កំពុងតែឈរនៅលើចិញ្ចើមផ្លូវនោះ បណ្តាលឲ្យស្លាប់ភ្លាមៗ តែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបររថយន្តឈ្មោះ ប៉ែន យុទ្ឋី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។រីឯក្មេងរងគ្រោះឈ្មោះ ឈីត ភេទប្រុស អាយុ១៤ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ផ្លូវគោកបានចុះទៅធ្វើការវាស់វែងរួចហើយបាននាំអ្នកបើកបរនិងរថយន្តបង្កទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការនិតិវិធី។
ដោយឡែកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕