MENU
|
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកយកសំណុំរឿងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ជាប់ចោទថាសម្តេចតេជោនាយករដ្ឋមន្ត្រី បានទិញ Facebook likes ដើម្បីបង្កើនប្រជាប្រិយភាព មកបើកសវនាការជំនុំជម្រះទោស ។ តែលើកពេលប្រកាសសាលក្រមនៅម៉ោង៣រសៀលថ្ងៃទី៨ខែវិច្ឆិកានេះ។
លោក អ៊ឹម វណ្ណៈ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ តុលា បានសម្រេចលើកពេលសវនាការនេះ ម្តងរួចហើយ ដោយសារមេធាវីតំណាងដោយអាណត្តិលោក សោមសឿន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ជាដើមបណ្ដឹង បានសុំពន្យារពេលសវនាការនោះ ។
គួររំលឹកថា ពាក្យបណ្ដឹងព្រហ្មទណ្ឌ ចុះថ្ងៃទី១០ខែមីនាឆ្នាំ២០១៦ លោក សោម សឿន អាយុ៦៤ឆ្នាំជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីបានប្តឹងលោក សម រង្ស៊ី អាយុ៦៧ឆ្នាំ ប្រធានគណបក្សសង្គ្រោះជាតិ ដោយភ្ជាប់ការបង្ហោះផ្សាយព័ត៌មានលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ។
ក្នុងពាក្យបណ្ដឹង បានបញ្ជាក់ថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នៅលើទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី ( Sam Rainsy )បានបង្ហោះអត្ថបទ ដែលមានខ្លឹមសារមូលបង្កាច់ខុសពីការពិត ដែលចោទប្រកាន់លោក សោម សឿនថាបានណែនាំដល់មន្ត្រី អ្នកគាំទ្រ និង បណ្តាញ រួមទាំងមន្ត្រីរាជការស៊ីវិល ប៉ូលិសនិងទាហាន ដើម្បីបង្កើតគណនីក្លែងក្លាយ ។ក្នុងគោលបំណងផ្តល់ការ Likes សិប្បនិម្មិត ដល់ទំព័រហ្វេសប៊ុករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយភ្ជាប់ជាមួយការអត្ថាធិប្បាយ ថា " Likes មួយចំនួនធំដែលបង្ហាញលើទំព័រហ្វេសប៊ុករបស់សម្តេច គឺបានមកពីការទិញឬ ជួលមនុស្សក្រីក្រដែលអត់ការងារធ្វើឲ្យបង្កើត Accounts (គណនី) Facebook ក្លែងក្លាយដើម្បីផ្ដល់ Likes សិប្បនិម្មិត ក្លែងបន្លំជូនសម្ដេច ។
ក្នុងពាក្យបណ្ដឹងបានចាត់ទុកថា ការបង្ហោះនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំជាតិនិង លោក សោម សឿន យ៉ាងធ្ងន់ធ្ងរ ។ លោក សោម សឿន បានសំណូមពរឲ្យតុលាការផ្តន្ទាទោសលោក សម រង្ស៊ី ទៅតាមច្បាប់ និង ទាមទារសំណងជម្ងឺចិត្តចំនួន២០លានរៀល ៕